(ម៉ានីល)៖ កងកម្លាំងហ្វីលីពីនត្រូវបានដាក់ឱ្យស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះ បន្ទាប់ពីមានការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ៤នាក់ និងមនុស្សជាច្រើននាក់រងរបួស អំឡុងពិធីជួបជុំមួយរបស់អ្នកកាន់សាសនាគ្រឹស្ត នៅឯសាលកីឡានៃសាកលវិទ្យាល័យមួយ ស្ថិតនៅ ភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរហ្វីលីពីន បានចាត់ទុកការវាយប្រហារបំផ្ទុះគ្រាប់បែកនេះជាទង្វើភេរវកម្ម។ ចំណែក លោកប្រធានាធិបតី Ferdinand Marcos Jr ក៏បានថ្កោលទោស ចំពោះការវាយប្រហារនេះដែរ។ លោក Marcos បានលើកឡើងដូច្នេះថា «ខ្ញុំថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏សាហាវព្រៃផ្សៃនេះដែលប្រព្រឹត្តដោយពួក ភេរវករបរទេស។ ពួកជ្រុលនិយមដែលប្រព្រឹត្តហិង្សាប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់គឺជាសត្រូវនៃសង្គមរបស់យើង»

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែក បានកើតឡើងអំឡុងពិធីជួបជុំមួយរបស់អ្នកកាន់សាសនាគ្រឹស្ត នៅឯសាលកីឡាសាកលវិទ្យាល័យ Mindanao State University ក្នុងទីក្រុង Marawi។ ទីក្រុង Marawi នេះហើយធ្លាប់ត្រូវបានឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធអស់រយៈពេលជាង ៥ខែ កាលពីឆ្នាំ២០១៧ ហើយសាកលវិទ្យាល័យបានសម្រេចបិទទ្វារជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

ការវាយប្រហារនេះទៀតសោត កើតមានឡើង ក្រោយអាជ្ញាធរហ្វីលីពីន កាលពីថ្ងៃសៅរ៍ ទី២ ខែធ្នូ បាននិយាយថាកងកម្លាំងរបស់ខ្លួនបានសម្លាប់ ក្រុមសកម្មប្រយុទ្ធ ១១នាក់ ក្នុងនោះរួមមានទាំងសមាជិកមកពីក្រុមសកម្មប្រយុទ្ធ ដាវឡាស អ៉ីស្លាមីយ៉ាស-ហ្វីលីពីន (Dawlah Islamiyah-Philippines) ដែលមានទំនាក់ទំនងជាមួយក្រុម ISIS នៅក្នុងប្រតិបត្តិការយោធាមួយកាលពីថ្ងៃសុក្រ ក្នុងខេត្ត Maguindanao del Sur៕

រូបភាពពី Reuters