(មីនស្កិ៍)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស BelTA នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះ បានរាយការណ៍ថាប្រធានាធិបតីបេឡារុស Alexander Lukashenko នឹងបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសចិន ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទដើមសប្ដាហ៍ស្អែកនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

តាម BelTA កិច្ចពិភាក្សារវាងប្រមុខរដ្ឋបេឡារុស និងប្រធានាធិបតីនៃសាធារណរដ្ឋចិន លោក ស៊ី ជិនពីង នឹងប្រព្រឹត្តទៅក្នុងទីក្រុងប៉េកាំង។

ប្រព័ន្ធផ្សព្វផ្សាយ BelTA ដោយផ្អែកលើការស្រង់សម្ដពីការិយាល័យប្រធានាធិបតីបេឡារុស បានឱ្យដឹងទៀតថារបៀបវារៈសំខាន់នៅក្នុងកិច្ចពិភាក្សា នេះក្នុងនោះរួមមានពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក Lukashenko ក៏ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន កាលថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ៕

រូបភាពពី Reuters