(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជំរុញឱ្យអ៉ីស្រាអែល ការពារជនស៊ីវិល ខណៈកំពុងធ្វើសង្រ្គាមជាមួយ ក្រុមហាម៉ាស ដោយបញ្ជាក់ថាការការពារជនស៊ីវិល គឺជារឿងចាំបាច់ដើម្បីជ័យជម្នះនៅក្នុងសមរភូមិសង្រ្គាមទីក្រុងប្រឆាំងក្រុមអ្នកប្រយុទ្ធ ប៉ាឡេស្ទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងនៅឯវេទិកា Reagan National Defense Forum ក្នុងរដ្ឋ California កាលពីថ្ងៃសៅរ៍ ទី២ ខែធ្នូ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក Austin បានលើកឡើងថាលោកបានរៀនសូត្រពីមេរៀន ពីរ ទៅបី អំពីសមរភូមិសង្រ្គាមក្នុងទីក្រុង ដូចជានៅសង្រ្គាមអ៉ីរ៉ាក់ និងប្រតិបត្តិការ ប្រឆាំងក្រុម ISIS។
លោក Austin បានគូសបញ្ជាក់ដូច្នេះថា «ដូចគ្នាទៅហាម៉ាស ក្រុម ISIS បានចាក់ឫសយ៉ាងជ្រៅតាមតំបន់ជាច្រើនក្នុងទីក្រុង ហើយក្រុមចម្រុះ អន្តរជាតិប្រឆាំងនឹង ISIS បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារជនស៊ីវិល ក៏ដូចជាបង្កើតច្រករបៀងមនុស្សធម៌ បើទោះជាស្ថិតនៅក្នុង ការវាយប្រយុទ្ធគ្នាដ៏លំបាក ក៏ដោយ»។ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបន្ថែមទៀតថា «អ្នកមិនអាចឈ្នះក្នុងសង្រ្គាមទីក្រុង ដោយការការពារ ជនស៊ីវិលនោះទេ ប៉ុន្តែមានតែការពារជនស៊ីវិលប៉ុណ្ណោះ ទើបអាចធ្វើឱ្យអ្នកឈ្នះនៅក្នុងសង្រ្គាមទីក្រុង»។
គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងជាថ្មីភ្លាមៗ ក្រោយបទឈប់បាញ់បណ្ដោះអាសន្នមានរយៈពេល មួយសប្ដាហ៍ បានដួលរលំដោយភាគីទាំងសងខាងបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញការដួលរលំបទឈប់បាញ់ និងការចាប់ផ្ដើម អំពើហិង្សាឡើងវិញ៕
រូបភាពពី AFP