(ម៉ានីល)៖ ហ្វីលីពីន នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះបានលុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូងនៃប្រទេស ដោយជំរុញឱ្យមានការជម្លៀសប្រជាជននៅតាមតំបន់ឆ្នេរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីហ្វីលីពីន ភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសដោយសារគ្រោះរញ្ជួយដីដែលបានវាយប្រហារលើកោះ Mindanao នោះទេ ខណៈប្រជាជនក្នុងតំបន់អះអាងពីការខូចខាតដល់អគារជាច្រើន។ ប៉ុន្តែ ទោះជាមានការលុបចោល ការប្រកាសអាសន្នពីរលកស៊ូណាមិក៏ដោយ ក៏ក្រុមមន្ត្រីហ្វីលីពីននៅតែណែនាំឱ្យប្រជាជនត្រូវស្ដាប់តាមការណែនាំពីអាជ្ញាធរក្នុងតំបន់។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ បានវាយប្រហារលើកោះ Mindanao ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន កាលពី យប់ថ្ងៃសៅរ៍ ទី២ ខែធ្នូ ដោយបណ្ដាលឱ្យរលកសមុទ្រឡើងដល់កម្ពស់ ៣ម៉ែត្រ។ ចំណែក រលកសមុទ្រកម្ពស់ ៤០សង់ទីម៉ែត្រ ក៏ត្រូវ បានរាយការណ៍ផងដែរនៅឯកោះ Hachijojima របស់ប្រទេសជប៉ុន ស្ថិតនៅចម្ងាយប្រហែល ២៩០គីឡូម៉ែត្រពីទីក្រុងតូក្យូ៕