(ម៉ានីល)៖ ប៉ូលិសនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងថាមនុស្សយ៉ាងហោច ៣នាក់ត្រូវបានសម្លាប់ និង៩នាក់បានរងរបួស នៅពេលដែលការផ្ទុះដ៏ ខ្លាំងមួយបានកើតឡើងនៅឯពិធីជួបជុំរបស់អ្នកកាន់សាសនាគ្រឹស្ត នៅឯសាលកីឡាក្នុងសាកលវិទ្យាល័យមួយស្ថិតនៅភាគខាងត្បូងនៃប្រទេស នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ឧត្តមសេនីយ៍ត្រី លោក Allan Nobleza បានបញ្ជាក់ថាអាជ្ញាធរហ្វីលីពីនកំពុងបើកការស៊ើបអង្កេតលើហេតុការណ៍ផ្ទុះ នៅឯសាកលវិទ្យាល័យ Mindanao State University ក្នុងទីក្រុង Marawi ស្របពេលមានការសង្ស័យថាការផ្ទុះនេះគឺជាការសងសឹករបស់ ក្រុមសកម្មប្រយុទ្ធគាំទ្រពួក ISIS។ ទីក្រុង Marawi នេះហើយធ្លាប់ត្រូវបានឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធអស់រយៈពេលជាង ៥ខែ កាលពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា អាជ្ញាធរហ្វីលីពីន កាលពីថ្ងៃសៅរ៍ ទី២ ខែធ្នូ បាននិយាយថាកងកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ១១នាក់ ក្នុងនោះរួមមាន ទាំងសមាជិកមកពីក្រុមសកម្មប្រយុទ្ធ ដាវឡាស អ៉ីស្លាមីយ៉ាស-ហ្វីលីពីន (Dawlah Islamiyah-Philippines) ដែលមានទំនាក់ទំនងជាមួយក្រុម ISIS នៅក្នុងប្រតិបត្តិការយោធាមួយកាលពីថ្ងៃសុក្រ ក្នុងខេត្ត Maguindanao del Sur៕