(សេអ៊ូល)៖ ការិយាល័យប្រតិបត្តិការផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនជាផ្លូវការហើយ ក្នុងនាមជាអង្គភាព ស៊ើបការណ៍សម្ងាត់យោធា។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា ការិយាល័យខាងលើដែលត្រូវបានបង្កើតនៅឯមជ្ឈមណ្ឌគ្រប់គ្រងទូទៅទីក្រុងព្យុងយ៉ាងនៃ រដ្ឋបាលជាតិបច្ចេកវិទ្យាទីអវកាស បានចាប់ផ្ដើមធ្វើបេសកកម្មរបស់ខ្លួនកាលពីថ្ងៃទី២ ខែធ្នូ ហើយនឹងរាយការណ៍នូវព័ត៌មានដែលខ្លួនប្រមូលបាន ទៅកាន់ ការិយាល័យស៊ើបការណ៍សម្ងាត់នៃអង្គការភាពកងទ័ព និងអង្គភាពសំខាន់ៗដទៃទៀតរបស់យោធាកូរ៉េខាងជើង។

កូរ៉េខាងជើង បានអះអាងពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតដោយជោគជ័យកាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅនេះហើយថា លោក គីម ជុងអ៊ុន ក៏បានពិនិត្យមើលផងដែរនូវរូបភាពមន្ទីរបញ្ចកោណ សេតវិមាន មូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ និងគោលដៅសំខាន់ៗមួយចំនួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានថត និងបញ្ជូនមកផែនដីវិញដោយផ្កាយរណបស៊ើបការណ៍។

ប៉ុន្តែ មកទល់នឹងពេលនេះ កូរ៉េខាងជើងមិនទាន់បានបញ្ចេញរូបភាពណាមួយនោះទេ ខណៈក្រុមអ្នកវិភាគ និងក្រុមមន្ត្រីជំនាញកូរ៉េខាងត្បូង និងអាមេរិក កំពុងតាមដាន និងជជែកវែកញែកថាតើផ្កាយរណបនេះពិតជាដំណើរការដូចកូរ៉េខាងជើងបានអះអាង ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា នៅក្នុងបទអត្ថាធិប្បាយដាច់ដោយឡែកមួយចេញផ្សាយដោយ KCNA នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះដែរ អ្នកអត្ថាធិប្បាយយោធាកូរ៉េខាងជើង ម្នាក់បានទម្លាក់កំហុសលើកូរ៉េខាងត្បូងថាជាអ្នកទទួលខុសត្រូវលើការដួលរលំនៃកិច្ចព្រមព្រៀងយោធារវាងប្រទេសទាំង២ និងបញ្ជាក់ថាការបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍របស់ខ្លួនគឺដូចគ្នាទៅនឹងអ្វីដែលប្រទេសដទៃបានធ្វើ។ ការលើកឡើងបែបនេះទំនងជាចង់សំដៅលើការបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍ដំបូងរបស់កូរ៉េខាងត្បូងទៅដាក់នៅគន្លងផែនដី ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ុនអាមេរិក SpaceX កាលពីថ្ងៃទី១ ខែធ្នូ កន្លងទៅនេះ ចេញពីមូលដ្ឋានបាញ់បង្ហោះ Vandenberg នៃរដ្ឋ California៕

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA