(បេរូត)៖ កងកម្លាំងអ៉ីស្រាអែល និងក្រុម Hezbollah បានបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែនអ៉ីស្រាអែល-លីបង់ នៅថ្ងៃសៅរ៍នេះដែលជាថ្ងៃទី ២នៃការវាយប្រហារបន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងអ៉ីស្រាអែល បានដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់ បានឲ្យដឹងថា យុទ្ធជនម្នាក់របស់ខ្លួនត្រូវបានសម្លាប់ ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណានោះទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ បានឲ្យដឹងថា មនុស្ស៣នាក់នៅភាគខាងត្បូងប្រទេសត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់អ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅឯភាគខាងត្បូងលីបង់ ខណៈដែល Hezbollah អះអាងថា អ្នកស្លាប់ ២នាក់គឺជាក្រុមរបស់ខ្លួន។

Hezbollah ក៏បានអះអាងពីការបាញ់រ៉ុក្កែតទៅកាន់ទីតាំងអ៉ីស្រាអែល។ ដោយឡែក យោធាអ៉ីស្រាអែលនិយាយថា គ្រាប់បែកត្បាល់ពីរគ្រាប់ដែលបាញ់ចេញពីលីបង់ បានធ្លាក់នៅតំបន់មួយក្នុងទីក្រុង Shomera ឆ្លងកាត់ព្រំដែនពីភូមិ Marwahin ភាគខាងត្បូងនៃប្រទេសលីបង់។ ជាមួយគ្នានេះយោធាអ៉ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារដែលបាញ់ចេញពីកន្លែងផ្សេងទៀតនៅភាគខាងត្បូងលីបង់។

អ្នកនាំពាក្យកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ (UNIFIL) បានឲ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ការបាញ់ផ្លោងពីអ៉ីស្រាអែលបានវាយប្រហារនៅជិតទីស្នាក់ការកណ្តាលរបស់កងកម្លាំងបណ្តោះអាសន្ន UNIFIL នៅជិតទីក្រុងឆ្នេរសមុទ្រ Naqoura និងជុំវិញភូមិព្រំដែន Rmaych។

គួរបញ្ជាក់ថា បន្ទាប់ពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រុម Hezbollah បានវាយប្រហារដោយគ្រាប់រ៉ុក្កែតលើទីតាំងអ៉ីស្រាអែលនៅព្រំដែនជារៀងរាល់ថ្ងៃ ខណៈដែលអ៉ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំនៅភាគខាងត្បូងលីបង់។ ប៉ុន្តែព្រំដែនមាន​ភាព​ស្ងប់ស្ងាត់​​ច្រើន​​អំឡុង​ពេល​មានបទ​ឈប់​បាញ់​រយៈពេល​មួយសប្តាហ៍​ក្នុងសង្រ្គាម​នៅ​ហ្គាហ្សា៕ 

រូបភាពពី Reuters