(ឌូបៃ)៖ នៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ក្នុងទីក្រុងឌូបៃ នាថ្ងៃសៅរ៍នេះ អនុប្រធានាធិបតី លោកស្រី Kamala Harris បាននិយាយថា សហរដ្ឋអាមេរិកសន្យាផ្តល់ថវិកាចំនួន ៣ពាន់លានដុល្លារសម្រាប់មូលនិធិអាកាសធាតុបៃតង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។

មូលនិធិដែលមានការសន្យាជាទឹកប្រាក់ជាង ២០ពាន់លានដុល្លារហើយ គឺមូលនិធិអន្តរជាតិដ៏ធំបំផុតមួយដើម្បីគាំទ្រសកម្មភាពផ្នែកអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ថ្លែងទៅកាន់ COP28 លោកស្រី Harris បានគូសបញ្ជាក់ថា «ថ្ងៃនេះ ខ្ញុំសូមក្នុងការប្រកាសពីការសន្យាថ្មីមួយនូវថវិកាចំនួន ៣ពាន់លានដុល្លារទៅដល់មូលនិធិអាកាសធាតុបៃតង ដែលនឹងជួយប្រទេសកំពុងអភិវឌ្ឍឲ្យវិនិយោគលើភាពធន់ ថាមពលស្អាត និងដោះស្រាយកត្តាធម្មជាតិ»។

គួរបញ្ជាក់ថា អ្នកសម្របសម្រួលនៃមូលនិធិនេះ បាននិយាយកាលពីខែតុលាថា ការបំពេញបន្ថែមជុំទី ២ បច្ចុប្បន្នបាននាំមកនូវទឹកប្រាក់ប្រហែល ៩.៣ពាន់លានដុល្លារក្នុងការសន្យា ដើម្បីផ្តល់មូលនិធិដល់គម្រោងនៅក្នុងតំបន់ដែលងាយរងគ្រោះដោយអាកាសធាតុចន្លោះឆ្នាំ ២០២៤ និងឆ្នាំ ២០២៧។ យ៉ាងនេះក្តី នេះជាការសន្យាដែលតំណាងឲ្យតម្រូវការប្រហែល ២៥០ពាន់លានដុល្លាររបស់ប្រទេសកំពុងអភិវឌ្ឍរហូតដល់ឆ្នាំ ២០៣០ ដើម្បីសម្របខ្លួនទៅនឹងការឡើងកម្តៅផែនដី។ បន្ថែមពីលើការសម្របខ្លួនទៅនឹងអាកាសធាតុហើយនោះ មូលនិធិនេះក៏ផ្តល់ហិរញ្ញប្បទានដល់គម្រោងដើម្បីជួយដល់ប្រទេសនានា ឲ្យផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាតផងដែរ៕

រូបភាពពី Reuters