(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយនៅថ្ងៃសៅរ៍នេះថា ហ្វីលីពីននិងបារាំង បានឯកភាពគ្នា​ដំឡើងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ រវាងប្រទេសទាំងពីរឱ្យដល់កម្រិតថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។

លោក Teodoro បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastien Lecornu នៅឯទីក្រុងម៉ានីល ហើយរូបលោក បានអះអាងថា អ្នកទាំងពីរកំពុងព្យាយាមស្វែងរក ការអនុញ្ញាតពីមេដឹកនាំរៀងៗខ្លួន ដើម្បីចាប់ផ្តើមដំណើរការចរចា សម្រាប់កិច្ចព្រមព្រៀងស្តីពីការដាក់ពង្រាយកងទ័ព។ លោកប្រមុខការពារជាតិហ្វីលីពីន បានលើកឡើងដូច្នេះថា «យើងមានបំណងចាត់វិធានការរឹងមាំជាក់ស្តែង ដើម្បី​បង្កើនក៏ដូចជាធ្វើឱ្យ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ឈានដល់កម្រិតថ្មីមួយ ហើយកាន់តែគ្រប់ជ្រុងជ្រោយថែមទៀត»

គួរបញ្ជាក់ថា វត្តមានរបស់លោក Lecornu នៅរដ្ឋធានីរបស់ហ្វីលីពីន គឺជាគោលដៅដំបូង នៃដំណើរបំពេញទស្សនកិច្ចរបស់លោក មក​កាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលរួមមានទាំងការឈប់នៅប្រទេសម៉ាឡេស៉ី និងដែនដីនាយសមុទ្ររបស់ប្រទេសបារាំង គឺ New Caledonia។ បារាំងចាត់ទុកខ្លួនឯង ជាមហាអំណាចមួយនៃឥណ្ឌូ-ប៉ាស៉ីហ្វិក ដោយមានកងទ័ពប្រមាណ៧,០០០នាក់ ឈរជើងនៅតាម​ដែនដីនាយសមុទ្រ ក្នុងតំបន់មហាសមុទ្រប៉ាស៉ីហ្វិក និងមហាសមុទ្រឥណ្ឌា៕

រូបភាពពី Reuters