(ព្យុងយ៉ាង)៖ នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបាននិយាយថា នឹងចាត់ទុកសកម្មភាពលូកលាន់ជ្រៀតជ្រែកណាមួយ មកលើប្រតិបត្តិការផ្កាយរណបរបស់ខ្លួន ជាការប្រកាសសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានរាយការណ៍បន្ថែមទៀតថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតប ចំពោះសកម្មភាពជ្រៀតជ្រែកណាមួយពីសំណាក់សហរដ្ឋអាមេរិក តាមរយៈការកម្ទេចផ្កាយរណបស៉ើបការណ៍នានារបស់អាមេរិក។ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍លើកដំបូងបំផុត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ហើយផ្កាយរណបនោះ បានថតរូបភាពជាច្រើននៃមូលដ្ឋានយោធាអាមេរិក ដូចជានៅជប៉ុន កោះហ្កាំ និងរដ្ឋហាវ៉ៃ ជាដើម ព្រមទាំងសេតវិមាននិងមន្ទីរបញ្ចកោណ។
នៅពេលត្រូវបានសាកសួរថា តើទីក្រុងវ៉ាស៉ីនតោនមានសមត្ថភាពបង្អាក់ ប្រតិបត្តិការឈ្លបយកការណ៍របស់ផ្កាយរណបកូរ៉េខាងជើង ដែរឬក៏អត់នោះ អ្នកនាំពាក្យម្នាក់នៃបញ្ជាការដ្ឋានកងកម្លាំងអវកាសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកអាចទប់ស្កាត់សមត្ថភាពអវកាសរបស់គូសត្រូវបាន តាមរយៈការប្រើប្រាស់មធ្យោបាយជាច្រើន។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងត្បូង ក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីទៀតផងដែរប្រឆាំងកូរ៉េខាងជើង ពាក់ព័ន្ធការបាញ់បង្ហោះផ្កាយរណបចារកម្មនោះ៕
រូបភាពពី Reuters