(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយការប្រយុទ្ធគ្នាបានបន្តចាប់ផ្តើមឡើងវិញ យោធាអ៉ីស្រាអែល បានអះអាងថា នៅមានចំណាប់ខ្មាំងចំនួនជាង១៣០នាក់ទៀត ដែលកំពុងស្ថិតក្នុងតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) បន្ទាប់ពីជាង១០០នាក់ ត្រូវបានដោះលែង អំលុងបទឈប់បាញ់បណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងរយៈពេលប្រមាណជាមួយសប្តាហ៍កន្លងមកនេះ ក្រុមហាម៉ាសប៉ាឡេស្ទីន បានដោះលែងស្រ្តី កុមារ និងក្មេងជំទង់ជនជាតិអ៉ីស្រាអែល ចំនួន៨០នាក់ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន ដែលបានជាប់ឃុំឃាំងក្នុងពន្ធនាគារអ៉ីស្រាអែល នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលបានមើលឃើញការផ្អាកប្រយុទ្ធគ្នារយៈពេល៧ថ្ងៃ នៅតំបន់ Gaza។ មិនតែប៉ុណ្ណោះ មនុស្ស២៥នាក់ផ្សេងទៀត ក៏ត្រូវបានដោះលែងផងដែរ ដែលភាគច្រើនជាពលករជនជាតិថៃ នាំឱ្យចំនួនចំណាប់ខ្មាំងសរុប ដែលត្រូវបានដោះលែងឱ្យមានសេរីភាពវិញ អំលុងពេលនោះ គឺសរុប១០៥នាក់។
ដោយចំណាប់ខ្មាំង៥នាក់ ត្រូវបានរំដោះនិងដោះលែង មុនមានបទឈប់បាញ់នោះ គិតជារួមគឺចំណាប់ខ្មាំងសរុប១១០នាក់ បានវិលត្រឡប់មកពីតំបន់ Gaza វិញ ដោយសុវត្ថិភាព រួមមានកុមារ-ក្មេងជំទង់៣៣នាក់ ស្រ្តី៤៩នាក់ និងបុរស២៨នាក់។ ចំណាប់ខ្មាំងសរុបដែលត្រូវបានក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ចាប់យកទៅអំលុងការឆ្មក់វាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មានប្រហែល២៤០នាក់។
គួរបញ្ជាក់ថា យោងតាមការអះអាងកាលពីថ្ងៃសុក្រ ដោយយោធាអ៉ីស្រាអែលផ្ទាល់ ចំណាប់ខ្មាំង៥នាក់ទៀតបានស្លាប់ ដែលនាំឱ្យចំនួនសរុបកើនដល់៧នាក់ ខណៈចំណាប់ខ្មាំងនៅមានជីវិតក្នុងតំបន់ Gaza គឺ១៣៦នាក់។ រដ្ឋាភិបាលអ៉ីស្រាអែលបានឱ្យដឹងថា ក្នុងចំណោមនោះ រួមមានជនជាតិអ៉ីស្រាអែល១២៥នាក់ ថៃ៨នាក់ នេប៉ាល់១នាក់ តង់សានី១នាក់ និងជនជាតិម៉ិកស៉ិកដើមកំណើតបារាំង១នាក់៕
រូបភាពពី Reuters