(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសរុស្ស៉ី បង្កើនចំនួនកងទ័ព១៥ភាគរយ ខណៈយោធារុស្ស៉ីបានអះអាងថា ចំណាត់ការនេះ គឺដោយសារ «ការគំរាមកំហែង» ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។
យោធារុស្ស៉ីបាននិយាយដូច្នេះថា «ការបង្កើនចំនួនកងទ័ពពេញម៉ោងនេះ គឺដោយសារតែការគំរាមកំហែងកើនឡើង ចំពោះប្រទេសរបស់យើង ពាក់ព័ន្ធទៅនឹងប្រតិបត្តិការយោធាពិសេស (សង្គាមអ៊ុយក្រែន) ព្រមទាំង ការបន្តពង្រីកខ្លួនរបស់អង្គការ NATO»។ យោងតាមយោធារុស្ស៉ី ចំនួនកងទ័ពរុស្ស៉ីនឹងត្រូវកើនប្រមាណ១៧០,០០០នាក់ ហើយចំនួននេះគឺគ្រប់គ្រាន់ដើម្បីឆ្លើយតបចំពោះ «សកម្មភាពគំរាមកំហែងនៃប្លុក NATO»។
គួរបញ្ជាក់ថា ការសម្រេចបង្កើនចំនួនកងទ័ពរុស្ស៉ីខាងលើកើតមានឡើង ចំពេលដែលទាំងរុស្ស៉ីនិងអ៊ុយក្រែន សុទ្ធតែកំពុងព្យាយាមស្វែងរក ភាពរីកចម្រើនរៀងៗខ្លួននៅលើសមរភូមិ និងបំពេញកម្លាំងទ័ពឡើងវិញ នៅក្នុងសង្រ្គាមដែលបានអូសបន្លាយពេលជិត២ឆ្នាំហើយ ពោលគឺខ្វះតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីវាបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕
រូបភាពពី AFP