(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាស SpaceX បាននាំយកផ្កាយរណបស៉ើបការណ៍ដំបូងបំផុតរបស់កូរ៉េខាងត្បូង ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋ California របស់សហរដ្ឋអាមេរិក ឡើងទៅដល់គន្លងទីអវកាសដោយជោគជ័យ បន្ទាប់ពីកូរ៉េខាងជើងបានសម្រេចជោគជ័យ ក្នុងការធ្វើដូចគ្នាកាលពីខែវិច្ឆិកាកន្លងទៅ។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។
កូរ៉េខាងត្បូងបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX សម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មសរុប៥គ្រឿង នៅត្រឹមឆ្នាំ២០២៥ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីពន្លឿនគោលដៅរបស់ខ្លួន ក្នុងការមានមធ្យោបាយឃ្លាំមើល២៤ម៉ោង នៅលើឧបទ្វីបកូរ៉េ ចំពោះមុខការគំរាមកំហែងពីកម្មវិធីមីស៉ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា តាមរយៈជោគជ័យនៃការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍ខាងលើ យោធាកូរ៉េខាងត្បូង ធានាបាននូវសមត្ថភាពស៉ើបការណ៍ ឃ្លាំមើល និងឈ្លបការណ៍ ដែលមានលក្ខណៈឯករាជ្យខ្លួនឯង ហើយវានឹងជួយផ្តល់ឧត្តមភាពសម្រាប់ទីក្រុងសេអ៊ូល នៅក្នុងការប្រកួតប្រជែងចារកម្មជាមួយកូរ៉េខាងជើង។ កន្លងមក កូរ៉េខាងត្បូងបានពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិក សម្រាប់សកម្មភាពស៉ើបការណ៍ដោយប្រើផ្កាយរណប។
គួរបញ្ជាក់ថា ក្រោយបរាជ័យ២លើកក្នុងឆ្នាំនេះ ទីបំផុតកូរ៉េខាងជើងបានប្រើប្រាស់រ៉ុក្កែតផ្ទាល់ខ្លួន ដើម្បីនាំយកផ្កាយរណបចារកម្ម ឈ្មោះ Malligyong-1 ទៅដាក់នៅទីអវកាសដោយជោគជ័យ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា ផ្កាយរណបនោះបានផ្តិតរូបភាពគោលដៅជាច្រើនរួចហើយ រួមមានចាប់តាំងពីសេតវិមាននិងមន្ទីរបញ្ចកោណ រហូតដល់មូលដ្ឋានទ័ពអាមេរិក នៅកូរ៉េខាងត្បូង កោះហ្កាំ រដ្ឋហាវ៉ៃ ព្រមទាំងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។ យ៉ាងណាក្តី ទីក្រុងព្យុងយ៉ាង មិនទាន់បញ្ចេញរូបភាពណាមួយ ដែលថតបានពីផ្កាយរណបចារកម្មរបស់ខ្លួនឡើយ ខណៈក្រុមវិភាគបាននិយាយថា សមត្ថភាពពេញលេញជាក់ស្តែងរបស់ផ្កាយរណបនោះ គឺពុំទាន់អាចត្រូវដឹងច្បាស់ទេ៕
រូបភាពពី AFP