(ម៉ានីល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហ្វីលីពីនបានឱ្យដឹងថា កំពុងតែបង្កើតស្ថានីយឆ្មាំសមុទ្រមួយ នៅលើកោះធំបំផុតជាងគេ ដែលខ្លួនគ្រប់គ្រងនៅតំបន់មានបញ្ហាវិវាទក្នុងសមុទ្រចិនខាងត្បូង ក្រោមគោលបំណងធ្វើឱ្យប្រសើរឡើង នូវការឃ្លាំមើលសកម្មភាពនាវារបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Ano បានប្រកាសឱ្យដឹងដូចខាងលើ អំលុងដំណើរទស្សនកិច្ចទៅកាន់កោះគ្រប់គ្រងដោយហ្វីលីពីន ឈ្មោះ Thitu ដែលជាផ្នែកនៃទីប្រជុំកោះមានជម្លោះ Spratly។ បើតាមលោក Ano ស្ថានីយឆ្មាំសមុទ្រនោះនឹងបំពាក់ជាមួយប្រព័ន្ធទំនើបៗ ដែលរួមមានទាំងរ៉ាដា ឧបករណ៍ទាក់ទងដោយប្រើផ្កាយរណប កាមេរ៉ាតាមដាន និងប្រព័ន្ធគ្រប់គ្រងចរចារណ៍នាវា ហើយវាត្រូវបានរំពឹងថា នឹងអាចចាប់ផ្តើមធ្វើប្រតិបត្តិការបាន នៅអំលុងដើមឆ្នាំ២០២៤។
លោកទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានលើកឡើងយ៉ាងដូច្នេះថា «ប្រព័ន្ធទាំងនេះនឹងជួយពង្រឹងជាខ្លាំង នូវសមត្ថភាពឆ្មាំសមុទ្រយើង ពាក់ព័ន្ធការងារឃ្លាំមើលសកម្មភាពកងកម្លាំងដែនសមុទ្រចិន ក៏ដូចជាប្រទេសដទៃទៀត ដែលអាចមកធ្វើសកម្មភាពនៅទីនេះ ព្រមទាំងសកម្មភាពរបស់នាវានិងយន្តហោះរបស់ពួកយើងផ្ទាល់»។ កោះ Thitu ស្ថិតនៅចម្ងាយ៤៣០គីឡូម៉ែត្រ ពីកោះ Palawan របស់ហ្វីលីពីន និងចម្ងាយ៩០០គីឡូម៉ែត្រពីកោះ Hainan របស់ចិន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង បានធ្លាក់ទៅក្នុងភាពរកាំរកូសខ្លាំង ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ជុំវិញឧប្បត្តិហេតុប្រឈមមុខគ្នាជាបន្តបន្ទាប់ នៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយក្នុងនោះរួមមានទាំងការប៉ះគ្នា២ករណីផងដែរ រវាងទូកនិងនាវារបស់ហ្វីលីពីននិងចិន ហើយប្រទេសទាំងពីរ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕
រូបភាពពី Reuters