(វ៉ាស៊ីនតោន)៖ សេតវិមានបានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកនឹងជំរុញឱ្យមានការបន្តបទឈប់បាញ់នៅតំបន់ហ្គាហ្សា ខណៈដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងម្តងទៀត នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន លោក John Kirby បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «យើងបន្តធ្វើការជាមួយអ៊ីស្រាអែល អេហ្ស៊ីប និងកាតា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា»។

គួរបញ្ជាក់ថា សង្គ្រាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន បានបន្តសាឡើងវិញក្រោយការសម្រាកឈប់បាញ់ ៧ថ្ងៃ។ អ៊ីស្រាអែលបានចោទថា ក្រុមហាម៉ាសបានបំពាននឹងកិច្ចឈប់បាញ់គ្នា ដោយការបាញ់គ្រាប់រ៉ុក្កែត ដាក់លើទឹកដីអ៊ីស្រាអែលជាមុន។ ក្រុមអ្នកសម្របសម្រួលអន្តរជាតិ រួមទាំងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងតែជំរុញរកការបន្តសម្រាកឈប់បាញ់គ្នាជាបន្ថែមទៀត ខណៈឱសានវាទការឈប់បាញ់ ត្រូវផុតកំណត់ចាប់ពីម៉ោង៧ព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោងនៅក្នុងស្រុក)។ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថា កិច្ចប្រឹងប្រែងរកការឈប់បាញ់គ្នាជាបន្តទៀតនោះបានបរាជ័យទៅហើយ។ បទឈប់បាញ់គ្នាបានបញ្ចប់ ការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែត និងការវាយប្រហារតាមផ្លូវអាកាស បានបន្តធ្វើដាក់លើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសមកលើតំបន់ភាគខាងត្បូងវិញ។

រូបភាពពី Reuters