(ហ្សឺណែវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកមានការសោកស្តាយចំពោះការបន្តប្រតិបត្តិការយោធាឡើងវិញនៅតំបន់ហ្គាហ្សា បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់រយៈពេលមួយសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

លោក Guterres បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X យ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ដែលប្រតិបត្តិការយោធាបានចាប់ផ្តើមម្តងទៀតនៅហ្គាហ្សា។ ហើយខ្ញុំនឹងសង្ឈឹមថា ការផ្អាកបាញ់នឹងបន្តឡើងវិញ»។

លោកបានសង្កត់ធ្ងន់ទៀតថា «​ការ​វិល​ត្រឡប់ទៅ​រក​អរិភាពវិញនេះ ​វាកាន់តែ​បង្ហាញ​ពីសារៈ​សំខាន់ក្នុងការឈាន​ដល់​បទ​ឈប់​បាញ់​មនុស្សធម៌​ពិតប្រាកដ​មួយ​»​។

គួរបញ្ជាក់ថា សង្គ្រាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន បានបន្តសាឡើងវិញក្រោយការសម្រាកឈប់បាញ់ ៧ថ្ងៃ។ អ៊ីស្រាអែលបានចោទថា ក្រុមហាម៉ាសបានបំពាននឹងកិច្ចឈប់បាញ់គ្នា ដោយការបាញ់គ្រាប់រ៉ុក្កែត ដាក់លើទឹកដីអ៊ីស្រាអែលជាមុន។ ក្រុមអ្នកសម្របសម្រួលអន្តរជាតិ រួមទាំងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងតែជំរុញរកការបន្តសម្រាកឈប់បាញ់គ្នាជាបន្ថែមទៀត ខណៈឱសានវាទការឈប់បាញ់ ត្រូវផុតកំណត់ចាប់ពីម៉ោង៧ព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោងនៅក្នុងស្រុក)។ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថា កិច្ចប្រឹងប្រែងរកការឈប់បាញ់គ្នាជាបន្តទៀតនោះបានបរាជ័យទៅហើយ។ បទឈប់បាញ់គ្នាបានបញ្ចប់ ការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែត និងការវាយប្រហារតាមផ្លូវអាកាស បានបន្តធ្វើដាក់លើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសមកលើតំបន់ភាគខាងត្បូងវិញ៕


រូបភាពពី Reuters