(បេរូត)៖ ខណៈកំពុងព្យាយាមបំពេញអាណត្តិបេសកកម្មរបស់ខ្លួន កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលកំពុងឈរជើងនៅតាមព្រំដែនលីបង់ជាមួយអ៉ីស្រាអែល ត្រូវព្យាយាមរក្សាសុវត្ថិភាពខ្លួនឯងថែមទៀត អំឡុងពេលមានប្រឈមមុខដាក់គ្នាខ្លាំងក្លាមិនធ្លាប់មាននៅទីនោះ ក្នុងរយៈពេលជិត ២០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងកម្លាំងរក្សាសន្តិភាពប្រចាំនៅលីបង់ (UNIFIL) បានប្រាប់ Reuters នៅឯមូលដ្ឋានរបស់ខ្លួនថា ចាប់តាំងផ្ទុះសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាជាង ៧ស​ប្តាហ៍មកនេះ UNIFIL ត្រូវរត់ទៅជ្រកនៅក្នុងលេនដ្ឋានម្តងហើយម្តងទៀត កំឡុងពេលមានការបាញ់ផ្លោងដាក់គ្នា និងការបាញ់គ្រាប់រ៉ុក្កែត។

លោកវរសេនីយ៍ទោ Stephen MacEoin មេបញ្ជាការកងវរសេនាតូចនៃទាហានអៀរឡង់ និងប៉ូឡូញ ដែលឈរជើងនៅជំរំ Shamrock ក្នុងភូមិ Tiri ជិតព្រំដែនភាគខាងត្បូងលីបង់ជាមួយអ៉ីស្រាអែល បានបញ្ជាក់ថា «ខ្ញុំត្រូវតែរក្សាសុវត្ថិភាពរបស់កម្លាំងជាអាទិភាព ខណៈកំពុងបំពេញបេសកកម្មផងដែរ»។ អ្នកនាំពាក្យរបស់ UNIFIL ក៏បានឲ្យដឹងផងដែរថា «ក្តីបារម្ភនៃបេសកកម្មគឺថា ប្រសិនការវិវត្តន៍ថ្មីណាមួយទៀតពីការបាញ់ផ្លោងនោះ នឹងអាចបង្កឲ្យជម្លោះកាន់តែរាលដាល»។

គួរបញ្ជាក់ថា ជម្លោះនៅតំបន់ហ្គាហ្សា ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រទៅភាគខាងត្បូង ត្រូវបានមើលឃើញថា ហេតុផលដែលនាំឲ្យអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស បន្តបាញ់បោះដាក់គ្នានៅតាមព្រំដែនលីបង់-អ៉ីស្រាអែល ជារៀងរាល់ថ្ងៃ។ យ៉ាងហោចណាស់ កងរក្សាសន្តិភាព ២នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុពីរផ្សេងគ្នា ហើយបរិវេណជុំវិញ និងមូលដ្ឋាន UNIFIL ក៏ធ្លាប់រងនូវការវាយប្រហារនិងបានខូចខាត ដោយសារតែគ្រាប់កាំភ្លើងត្បាល់ ជាច្រើនលើក៕

រូបភាពពី Reuters