(ប៉េកាំង)៖ ថ្ងៃទី២៩ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Kissinger ដែលជាមិត្តចាស់របស់ប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានទទួលមរណភាពក្នុងជន្មាយុ១០០ឆ្នាំ។ ក្នុងនាមជាអ្នកការទូតដ៏ល្បីល្បាញបំផុត របស់អាមេរិកបន្ទាប់ពីសង្គ្រាមលោកលើកទី២ លោក Kissinger បានរួមចំណែកយ៉ាងលេចធ្លោក្នុងវិស័យជាច្រើន ដូចជាជំរុញទំនាក់ទំនងការទូតរវាងចិននិងអាមេរិក និងធ្វើកិច្ចសម្របសម្រួលស្ថានការណ៍នៅមជ្ឈិមបូព៌ាជាដើម។

ថ្ងៃទី៣០ខែវិច្ឆិកាតាមម៉ោងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសាររំលែកទុក្ខទៅកាន់លោក Bidenប្រធានាធិបតីអាមេរិកចំពោះ ដំណឹងមរណភាពរបស់លោក Kissinger ដោយលើកឡើងថា ឈ្មោះរបស់លោក Kissingerនឹងផ្សារភ្ជាប់ជាមួយទំនាក់ទំនងរវាងចិនអាមេរិកជាដរាប ហើយលោកបណ្ឌិត Kissingerនឹងត្រូវប្រជាជនចិនចងចាំនិងនឹករលឹកជារៀងរហូត។

មានការសិក្សាជាច្រើនបានបង្ហាញថា លោក Kissingerគឺជាឥស្សរជនពិសេសមួយរូប ដែលបានចាប់បដិសន្ធិ នៅក្នុងសម័យប្រវត្តិសាស្ត្រដ៏ពិសេស។ ប៉ុន្តែភាពពិសេសបែបនេះ មិនអាចមិនឱ្យអ្នកទាំងអស់កោតសរសើរ ចំពោះប្រាជ្ញាការទូតរបស់គាត់ ក៏ដូចជាការទទួលស្គាល់ចំពោះការរួមចំណែកដើម្បីសន្តិភាព និងស្ថិរភាពពិភពលោករបស់គាត់នោះឡើយ។ប្រាជ្ញាការទូតរបស់លោក Kissinger គឺកើតចេញពីការយល់ដឹងយ៉ាងស៊ីជម្រៅរបស់គាត់ ចំពោះប្រវត្តិសាស្រ្តពិភពលោក និងការក្ដាប់ជាប់យ៉ាងត្រឹមត្រូវរបស់គាត់ អំពីក្រឹត្យក្រមនៃទំនាក់ទំនងអន្តរជាតិ។ លោក Kissinger អាចយកឈ្នះលើទស្សនៈលំអៀងខាងមនោគមវិជ្ជា រំដោះចេញភាពតូចចង្អៀតនៃគោលនយោបាយក្នុងស្រុករបស់អាមេរិក និងអនុវត្តសកម្មភាពការទូតប្រកបដោយប្រាជ្ញាដោយឈរលើ ផលប្រយោជន៍ជាតិពិតប្រាកដរបស់អាមេរិក។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការជំរុញឱ្យបំបែកភាពជាប់គាំងនៃទំនាក់ទំនងរវាងចិននិងអាមេរិក គឺជាសមិទ្ធផលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងជីវិត ជាអ្នកការទូតរបស់លោក Kissinger។ នៅឆ្នាំ១៩៧១ លោក Kissingerបានបំពេញទស្សនកិច្ចនៅប្រទេសចិនដោយស្ងាត់ៗ ហើយបានពួតដៃជាមួយភាគីចិនសម្រេចបាន នូវដំណើរទស្សនកិច្ចរបស់លោក Nixon អតីតប្រធានាធិបតីអាមេរិកនៅប្រទេសចិន ក្នុងឆ្នាំ១៩៧២ ដែលសម្រេចបាននូវ "ការចាប់ដៃគ្នាដែលឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក"។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ លោកKissingerបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាង១រយដង ហើយត្រូវបានគេហៅថាជា "មិត្តចាស់" របស់ប្រជាជនចិន។

ក្នុងបរិបទដែលទំនាក់ទំនងរវាងចិននិងអាមេរិក កំពុងជួបនឹងការលំបាកនិងបញ្ហាប្រឈម អាមេរិកត្រូវការអ្នកនយោបាយដូចលោក Kissingerបែបនេះកាន់តែច្រើនដែលអាចយកឈ្នះលើ ភាពបែកបាក់ខាងនយោបាយក្នុងប្រទេសអាមេរិក យោគយល់និងកោតសរសើរចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌ប្រទេសចិន និងពិនិត្យមើលដោយសត្យានុម័តនូវផលប្រយោជន៍រួម របស់ចិននិងអាមេរិក ដើម្បីបង្កើតការយល់ដឹងយ៉ាងត្រឹមត្រូវចំពោះប្រទេសចិន ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យពុះពារឧបសគ្គនិងបន្ដដំណើរឆ្ពោះទៅមុខ។

មរតកដ៏ថ្លៃថ្លាដែលលោក Kissinger បានបន្សល់ទុកឱ្យអាមេរិក គឺថាទោះបីជាប្រទេសទាំងពីរចិននិងអាមេរិក មានភាពខុសប្លែកពីគ្នាក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្រការទូតដ៏ឆ្លាតវៃអាចពុះពារភាពខុសប្លែកពីគ្នាទាំងនេះ ព្រមទាំងធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគីដោយឈរ លើមូលដ្ឋាននៃការផ្ដល់ផលប្រយោជន៍ដល់គ្នា។ ការធ្វើបែបនេះ គឺសមស្របនឹងផលប្រយោជន៍រួមរវាងចិននិងអាមេរិក ហើយក៏ត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិផងដែរ។

ប្រជាជនចិនយកចិត្តទុកដាក់លើមនោសញ្ចេតនានិងសច្ចភាព ហើយមិនអាចបំភ្លេចមិត្តចាស់ មិនបំភ្លេចការរួមចំណែកជាប្រវត្តិសាស្ត្រ របស់លោកKissingerដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកបានឡើយ។ ប្រជាជនចិនក៏សង្ឃឹមផងដែរថា អ្នកកាន់អំណាចរបស់អាមេរិកអាចយល់ដឹងថា ពិភពលោកបានប្រែប្រួល ទទួលស្នងនូវមរតកប្រាជ្ញាការទូតរបស់លោក Kissinger អនុវត្តគំនិតឯកភាពរួមដ៏សំខាន់នៃកិច្ចជំនួបរបស់ ប្រមុខរដ្ឋចិននិងអាមេរិកនៅសាន់ហ្វ្រាន់ស៊ីស្កូ និងជំរុញឱ្យចិននិងអាមេរិកទទួលសមិទ្ធផល ទៅវិញទៅមកនិងវិបុលភាពរួមគ្នាក្នុងយុគសម័យប្រវត្តិសាស្ត្រថ្មី៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន