(តូក្យូ)៖ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃសុក្រថា ជប៉ុនមានការព្រួយបារម្ភថា យោធាអាមេរិកកំពុងបន្តហោះហើរយន្តហោះ V-22 Osprey របស់ខ្លួន ទោះបីជាមានការស្នើសុំឲ្យបញ្ឈរជើងយន្តហោះប្រភេទនេះក្តី រហូតដល់មានការបញ្ជាក់ជាថ្មីអំពីសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa អះអាងថាបានស្នើសុំដោយផ្ទាល់ ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ជាក់ពីសុវត្ថិភាពនៃការហោះហើរ Osprey មុនពេលការហោះហើរបន្ថែមទៀតត្រូវបានអនុវត្ត។ យ៉ាងនេះក្តី ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន មិនទាន់មានការឆ្លើយតបនោះទេ។

មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នៅតែបន្តប្រតិបត្តិការហោះហើរយន្តហោះ Ospreys ហើយថាមិនបានដឹងអំពីសំណើផ្លូវការណាមួយទេ ខណៈមូលហេតុនៃការធ្លាក់ស្ថិតក្រោមការស៉ើបអង្កេត។

នៅពេលត្រូវបានសាកសួរអំពីសេចក្តីថ្លែងការណ៍នោះ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក Hirokazu Matsuno បាននិយាយថា ទីក្រុងតូក្យូ បានដាក់សំណើរជាផ្លូវការ។ លោក Matsuno បានប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «យើងបារម្ភថា ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតរបស់យើង ហើយក្នុងករណីដែលគ្មានការពន្យល់គ្រប់គ្រាន់ ពីយោធាសហរដ្ឋអាមេរិក Osprey នៅតែបន្តហោះហើរ»

គួរបញ្ជាក់ថា ជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក បានស្វែងរកការផ្អាកប្រតិបត្តិការហោះហើរយន្តហោះ V-22 Osprey បន្ទាប់ពីមានករណីធ្លាក់យន្តហោះធុននេះចូលទៅក្នុងសមុទ្រ កាលពីថ្ងៃពុធនៅឯភាគខាងលិចប្រទេសជប៉ុន។ ឆ្មាំសមុទ្រជប៉ុននិយាយថា មនុស្សម្នាក់បានស្លាប់ ហើយការស្វែងរកមនុស្ស ៧នាក់ដែលនៅលើយន្តហោះកំពុងតែបន្ត៕

រូបភាពពី AFP