(ហ៊្សេរុយសាឡិម)៖ សង្គ្រាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន បានបន្តសាឡើងវិញក្រោយការសម្រាកឈប់បាញ់ ៧ថ្ងៃ។ អ៊ីស្រាអែលបានចោទថា ក្រុមហាម៉ាសបានបំពាននឹងកិច្ចឈប់បាញ់គ្នា ដោយការបាញ់គ្រាប់រ៉ុក្កែត ដាក់លើទឹកដីអ៊ីស្រាអែលជាមុន។ ក្រុមអ្នកសម្របសម្រួលអន្តរជាតិ រួមទាំងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងតែជំរុញរកការបន្តសម្រាកឈប់បាញ់គ្នាជាបន្ថែមទៀត ខណៈឱសានវាទការឈប់បាញ់ ត្រូវផុតកំណត់ចាប់ពីម៉ោង៧ព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោងនៅក្នុងស្រុក)។ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថា កិច្ចប្រឹងប្រែងរកការឈប់បាញ់គ្នាជាបន្តទៀតនោះបានបរាជ័យទៅហើយ។ បទឈប់បាញ់គ្នាបានបញ្ចប់ ការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែត និងការវាយប្រហារតាមផ្លូវអាកាស បានបន្តធ្វើដាក់លើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសមកលើតំបន់ភាគខាងត្បូងវិញ។

សេចក្តីរាយការណ៍របស់កាសែត The Jerusalem Post បានរាយការណ៍ថា ប្រមាណជាងមួយម៉ោង មុនឱសានវាទឈប់បាញ់គ្នារយៈពេល៧ថ្ងៃ មានការបាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់ចេញពីតំបន់ហ្គាហ្សា សំដៅទៅកាន់ភាគខាងត្បូងលើទឹកដីអ៊ីស្រាអែល និងក្រោយមកមានគ្រាប់់រ៉ុក្កែតបាញ់ជាលើកទី២ នាប៉ុន្មាននាទីមុនពេលកំណត់ឈប់បាញ់គ្នាឈានមកដល់។ អ៊ីស្រាអែលបានអំពាវនាវដល់ពលរដ្ឋភាគខាងត្បូង ត្រូវស្ថិតនៅក្បែរលេណដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ដោយក្តីបារម្ភថានឹងអាចមានការបាញ់គ្រាប់រ៉ុក្កែត ជាច្រើនទៀតដាក់លើទឹកដីអ៊ីស្រាអែលនោះ។ ការវាយប្រហាររវាងក្រុមហាម៉ាស និងប៉ាឡេស្ទីនក្រោយឱសានវាទនោះ ត្រូវគេរាយការណ៍កើតឡើងក្នុងតំបន់ Sheikh Radwan ដែលស្ថិតជាប់នឹងក្រុងហ្គាហ្សា ក្នុងភាគខាងជើង និងក៏មានសេចក្តីរាយការណ៍ អំពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដាក់លើតំបន់ហ្គាហ្សាភាគខាងត្បូង។ ការវាយប្រហារបានរាលដាលកាន់តែធំថែមទៀតក្នុងតំបន់ហ្គាហ្សា នៅថ្ងៃសុក្រ ទី១ ខែធ្នូនេះ។

សេចក្តីរាយការណ៍បានបង្ហាញថាមុននេះ ក្រុមសម្របសម្រួលបានធ្វើកិច្ចការជាមួយគ្នា ដើម្បីបន្ថែមការសម្រាកឈប់បាញ់គ្នាសម្រាប់មួយថ្ងៃថែមទៀត ដោយថែមទាំងមានការយល់ស្របថា នឹងមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីនថែមទៀត ប៉ុន្តែស្រាប់តែមានហេតុការណ៍បានផ្ទុះឡើង បណ្តាលឱ្យកិច្ចព្រមព្រៀងចង់បន្ថែមការឈប់បាញ់គ្នានោះ បានបរាជ័យទៅវិញ។ មន្ត្រីនាំពាក្យយោធាអ៊ីស្រាអែល បានប្រញាប់ថ្លែងការណ៍ នាព្រឹកថ្ងៃសុក្រថា ក្រុមហាម៉ាសបានបំពានលើកិច្ចព្រមព្រៀង និងថែមទាំងបានបាញ់ដាក់លើទឹកដីអ៊ីស្រាអែលជាបន្ថែមទៀត។ កងកម្លាំងអ៊ីស្រាអែលបានដាក់បទបញ្ជាសាជាថ្មី ត្រូវធ្វើការប្រយុទ្ធជាមួយនឹងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ មន្ត្រីអ៊ីស្រាអែលបានប្រាប់បណ្តាញសារព័ត៌មានថា «យើងបានវិល ត្រឡប់ទៅការធ្វើសង្គ្រាមវិញហើយ»។

*តើមានភាពរីកចម្រើនអ្វីខ្លះក្នុងរយៈពេល៧ថ្ងៃនៃការសម្រាកឈប់បាញ់គ្នាកន្លងមកនេះ?

គិតត្រឹមថ្ងៃសុក្រ ទី១ ខែធ្នូ ការសម្រាប់ឈប់បាញ់គ្នាក្នុងការដោះដូរចំណាប់ខ្មាំង និងអ្នកទោស ជាមួយនឹងការដឹកជញ្ជួនស្បៀងចូលក្នុងតំបន់ហ្គាហ្សា មានរយៈពេល៧ថ្ងៃគត់។ នៅថ្ងៃចុងក្រោយនៃការឈប់បាញ់គ្នានោះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៨នាក់ ចំណែកអ៊ីស្រាអែលក៏បានដោះលែងអ្នកទោសជាតិប៉ាឡេស្ទីនចំនួន ៣០នាក់មកវិញផងដែរ។ ក្នុងរយៈពេល៧ថ្ងៃនៃការឈប់បាញ់ ដែលមានការដោះលែងចំណាប់ខ្មាំងនិងដោះលែងអ្នកទោសប៉ាឡេស្ទីននេះ សេចក្តីរាយការណ៍បានបង្ហាញថាចំនួនចំណាប់ខ្មាំងដែលក្រុមហាម៉ាស បានដោះលែងមាន១០៤នាក់ ហើយចំណែកអ្នកទោសជាតិប៉ាឡេស្ទីន ក៏ត្រូវបានដោះលែងមានប្រមាណជាង ២០០នាក់ផងដែរ។

នៅមុនឱសានវាទឈប់បាញ់, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken បានជួបជាមួយបណ្តាមេដឹកនាំអ៊ីស្រាអែល និងលោកបានព្យាយាមស្វែងរកការបន្តឈប់បាញ់គ្នាថែមទៀត។ លោកបាននិយាយប្រាប់មេដឹកនាំអ៊ីស្រាអែលថា លោកចង់ឃើញដំណើរការសម្រាកឈប់បាញ់នេះ នឹងធ្វើជាបន្តថែមទៀត ប៉ុន្តែនៅជាមួយគ្នានោះ លោកក៏បានប្រាប់អ៊ីស្រាអែលដែរថា មុននឹងមានការបន្តសង្គ្រាមសាជាថ្មីគឺត្រូវមានគម្រោងការពារអាយុជីវិតប្រជាជនស៊ីវិលផងដែរ។ លោក Anthony Blinken បានថ្លែងថា «ក្នុងជំនួបរបស់ខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិង បណ្តាមេដឹកនាំជាន់ខ្ពស់អ៊ីស្រាអែល ខ្ញុំបានបញ្ជាក់ច្បាស់លាស់ថាមុនពេលដែលអ៊ីស្រាអែល បន្តដំណើរការប្រតិបត្តិការយោធាដ៏ធំរបស់ខ្លួនទៀតនោះ គេត្រូវតែរៀបចំទុកឱ្យហើយនូវ គម្រោងការពារមនុស្សធម៌ដល់ជនស៊ីវិល ដើម្បីកាត់បន្ថយឱ្យបានកម្រិតអប្បបរមា នៃការរងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់»។ ប៉ុន្តែសង្គ្រាមបានបន្តវិញទៅហើយ បើទោះបីជារដ្ឋមន្ត្រីការបរទេសបានថ្លែងថាលោកចង់ ឃើញមានការពន្យាពេលឈប់បាញ់គ្នានោះក៏ដោយ។

អ៊ីស្រាអែលបានប្តេជ្ញាក្នុងការ វាយប្រហារសងសឹកតបតនូវអំពើបង្ហូរឈាមក្នុងព្រឹត្តិការណ៍ ថ្ងៃទី៧ ខែតុលា ដែលមានមនុស្សស្លាប់១ពាន់២០០នាក់ និងការចាប់មនុស្សជាចំណាប់ខ្មាំងប្រមាណ២៤០នាក់ ពីលើទឹកដីអ៊ីស្រាអែលជាមួយការតាំងចិត្តថាត្រូវកម្ទេចក្រុមហាម៉ាស ឱ្យអស់ពីក្នុងតំបន់ហ្គាហ្សាស្ទ្រីបនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេថាន់យ៉ាហ៊ូ បានថ្លែងនៅមុនឱសានវាទឈប់បាញ់គ្នាបញ្ជាក់ថា មិនមានអ្វីដែលអាចរារាំងអ៊ីស្រាអែលក្នុងការវាយកម្ទេចក្រុមហាម៉ាសនោះបានឡើយ។ លោកបេនចាមីនណេថាន់យ៉ាហ៊ូ ថ្លែងថា លោកបានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកវិញថា «ខ្ញុំបានស្បថសច្ចាការបំបាត់ចោលក្រុមហាម៉ាស និងគ្មានអ្វីដែលអាចមកបញ្ឈប់យើងបានឡើយ។ យើងនឹងបន្តសង្គ្រាមនេះរហូតលុះត្រាណាយើងនឹងទទួលជោគជ័យលើគោលដៅ ចំនួនបីនោះគឺការដោះលែងរាល់ចំណាប់ខ្មាំងទាំងអស់ ការបំបាត់ចោលហាម៉ាសអស់ទាំងស្រុង និងការធានាអះអាងថា នឹងមិនមានការគំរាមកំហែងពីតំបន់ហ្គាហ្សាដាក់លើអ៊ីស្រាអែលទៀតឡើយ ក្នុងពេលអនាគត»

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងប្រទេសអ៊ីស្រាអែលសាជាថ្មី ក្នុងសប្តាហ៍នេះ ត្រូវគេនិយាយថា ក្នុងបំណងចង់ប្រើប្រាស់ឥទ្ធិពលអាមេរិកលើរដ្ឋាភិបាលក្រុង Tel Aviv ដើម្បីឱ្យទាហានរបស់អ៊ីស្រាអែល យកចិត្តទុកដាក់លើជីវិតពលរដ្ឋស្លូតត្រង់ប៉ាឡេស្ទីន ជាពិសេសការបើកសមរភូមិថ្មីរបស់អ៊ីស្រាអែលដាក់លើភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាកន្លែងកំពុងមានការប្រមូលផ្តុំនូវពលរដ្ឋប៉ាឡេស្ទីនជាច្រើននៅទីនោះ ជាពិសេសពលរដ្ឋច្រើនសិបម៉ឺននាក់ ដែលត្រូវបានគេបង្ខំឱ្យរត់ចាកចេញពីតំបន់ភាគខាងជើងទៅកាន់ភាគខាងត្បូងនោះ។ តំបន់ហ្គាហ្សាស្ទ្រីប មានប្រជាពលរដ្ឋរស់នៅចំនួនប្រមាណ២លាន ៣សែននាក់។ រដ្ឋបាលអាមេរិកត្រូវគេរាយការណ៍ថាគ្រាថា ក៏កំពុងតែយកចិត្តទុកដាក់លើទំហំចំណាយដ៏ធំ លើសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស និងការរៀបចំដល់អនាគតប៉ាឡេស្ទីន សាជាថ្មីមួយក្រោមសង្គ្រាមនឹងបញ្ចប់។

រដ្ឋបាលលោកចូបៃដិន បានរៀបចំគិតគូរចំពោះអាជ្ញាធរប៉ាឡេស្ទីនដែលស្ថិតក្នុងតំបន់ Ramallah នាភាគកណ្តាលតំបន់ West Bank ផងទៀត។ តំបន់Ramallah ជាតំបន់មានទំហំ ១៦.៣គីឡូម៉ែត្រក្រឡា និងមានប្រជាជនប៉ាឡេស្ទីនរស់នៅប្រមាណជិត៤ម៉ឺននាក់។ Ramallah គឺជារដ្ឋធានីនៃអាជ្ញាធរជាតិប៉ាឡេស្ទីន និងជារដ្ឋបាលកណ្តាលរបស់ទឹកដីប៉ាឡេស្ទីនកាន់កាប់។ សហរដ្ឋអាមេរិក កំពុងតែស្វែងរកតួនាទីគ្រប់គ្រងសម្រាប់ឱ្យអាជ្ញាធរប៉ាឡេស្ទីននៅទីនោះ ប៉ុន្តែប្រជាជនប៉ាឡេស្ទីន ត្រូវគេរាយការណ៍ថា គេមិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងជួយប្រជាជនប៉ាឡេស្ទីនលើ សិទ្ធិការពារប្រជាជនប៉ាឡេស្ទីនឡើយ។ ប្រជាជនប៉ាឡេស្ទីនជាច្រើន ត្រូវគេរាយការណ៍ថា ថែមទាំងបានដាក់ការសង្ស័យលើសមត្ថភាពដឹកនាំរបស់រដ្ឋបាលប៉ាឡេស្ទីនបច្ចុប្បន្ននេះថែមទៀត។ ពលរដ្ឋខ្លះនិយាយថារដ្ឋបាលបច្ចុប្បន្នជារដ្ឋបាលទន់ខ្សោយ និងខ្លះថារដ្ឋបាលនេះត្រូវបានគេចងដៃ ប៉ុន្តែពលរដ្ឋគ្រប់គ្នា សុទ្ធតែបានយល់ស្របដូចគ្នាថាអំណាចពិតប្រាកដ គឺស្ថិតលើការគ្រប់គ្រងរបស់បញ្ជាការដ្ឋានយោធាអ៊ីស្រាអែល ដែលស្ថិតក្នុងតំបន់ West Bank នោះទៅវិញទេ។

សេចក្តីរាយការណ៍បាននិយាយថា ពីទីបញ្ជាការដ្ឋានអ៊ីស្រាអែលក្នុងតំបន់ West Bank នោះហើយ ដែលអ៊ីស្រាអែលបានធ្វើការត្រួតត្រាដាក់មកលើប្រជាជនប៉ាឡេស្ទីន ដោយពួកគេចេញបញ្ជា និងហ៊ានធ្វើការវាយសំរុកបំពានសិទ្ធិលើពលរដ្ឋប៉ាឡេស្ទីន សូម្បីតែកណ្តាលយប់អាធ្រាត្រ ដែលអំពើវាយប្រហារបំពានច្បាប់របស់អ៊ីស្រាអែលនោះ ថែមទាំងបានចាប់ខ្លួនពលរដ្ឋប៉ាឡេស្ទីន ប្រមាណជាង៣ពាន់៣០០នាក់ដាក់គុកចាប់តាំងពីមានព្រឹត្តិការណ៍ថ្ងៃទី៧តុលាឆ្នាំ២០២៣នោះមក។ ក្នុងជំនួបមួយរវាងមេដឹកនាំរដ្ឋបាលប៉ាឡេស្ទីន ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក, លោក Mahmoud Abbas បានប្រគល់នូវបញ្ជីមួយពាក់ព័ន្ធនឹងអំពើចោទប្រកាន់រំលោភសិទ្ធិនិងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ដាក់មកលើប្រជាជនប៉ាឡេស្ទីនទាំងក្នុងតំបន់ West Bank និងក្នុងតំបន់ Gaza Strip។ គេមិនដឹងថាតើលោក Anthony Blinken ជាមួយនឹងបញ្ជីនោះ នឹងអាចប្រើឥទ្ធិពលសហរដ្ឋអាមេរិកយ៉ាងណា ដើម្បីធ្វើឱ្យអ៊ីស្រាអែលនឹងគោរពសិទ្ធិដល់ពលរដ្ឋប៉ាឡេស្ទីន ក្នុងតំបន់កាន់កាប់របស់ពួកគេបានវិញ ឬយ៉ាងណាឡើយ។

នៅជាមួយគ្នាដែរ សេចក្តីរាយការណ៍ជុំវិញការចោទប្រកានការរំលោភបំពានសិទ្ធិដាក់ លើប្រជាជនប៉ាឡេស្ទីន នៅតែបន្តនៅក្នុងតំបន់ West Bank។ យ៉ាងហោចមានមនុស្សបួននាក់ ត្រូវបានគេសម្លាប់ និង១៦នាក់ទៀតបានរងរបួសក្នុងអំពើបាញ់ប្រហារមួយ នៅស្ថានីយ៍រថយន្តក្រុងយេរូសាឡឹមខាងលិច West Jerusalem bus station។ ក្រុមហាម៉ាសបានថ្លែងថាខ្មាន់កាំភ្លើង២នាក់ដែលត្រូវបានគេបាញ់សម្លាប់ គឺជាសមាជិកក្រុមហាម៉ាសរបស់ពួកគេ។ ជនជាតិអ៊ីស្រាអែលម្នាក់ក៏ត្រូវបានបាញ់សម្លាប់ក្នុងពេលនោះផងដែរ ដោយសារតែក្រុមសន្តិសុខអ៊ីស្រាអែលច្រឡំអត្តសញ្ញាណ។ ពលរដ្ឋប៉ាឡេស្ទីនប្រមាណ៤០នាក់ថ្មីទៀត ត្រូវបានអ៊ីស្រាអែលចាប់ខ្លួនក្នុងតំបន់ West Bank ក្នុងហេតុការណ៍វាយសម្រុកមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា។

បើបូកសារុបនឹងតួលេខចាប់ជនជាតិប៉ាឡេស្ទីនចុងក្រោយ ៤០នាក់នេះទៀត បាននាំឱ្យចំនួនពលរដ្ឋប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានចាប់ក្នុងតំបន់ West Bank បានកើនដល់ ៣៣៩០នាក់ នេះបើយោងតាមអង្គការសមាគមអ្នកទោសប៉ាឡេស្ទីន Palestinian Prisoners Socirty ។

ដោយឡែកនៅមុនពេលដែលការសម្រាកឈប់បាញ់គ្នាបានចូលជាធរមានកាលពីសុក្រទី២៤ វិច្ឆិកានោះមក ពលរដ្ឋប៉ាឡេស្ទីនដែលបានបាត់ជីវិតក្នុងតំបន់ហ្កាហ្សាមានជាង១ម៉ឺន៥ពាន់នាក់ រួមទាំង៦១៥០នាក់ ជាកុមារនិង៤ពាន់នាក់ទៀតជាស្ត្រី។ តួលេខនៃចំនួនអ្នកស្លាប់ ត្រូវគេរំពឹងថានឹងកាន់តែកើនឡើងថែមទៀត ខណៈអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន បានវិលត្រឡប់មកបន្តសង្គ្រាមសាជាថ្មីក្រោយឱសានវាទ ៧ថ្ងៃបានបញ្ចប់៕

រូបភាពពី AFP