(ប៉េកាំង)៖ ស្ថានទូតម៉ាឡេស៉ីប្រចាំទីក្រុងប៉េកាំង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ម៉ាឡេស៉ីបានអញ្ជើញលោក ស៉ី ជីនពីង ប្រធានាធិបតីចិន ទៅបំពេញទស្សនកិច្ចទៅទីនោះ ខណៈដែលប្រទេសអាស៊ានមួយនេះ មានបំណងស្វែងការបង្កើនចំនួនភ្ញៀវទេសចរចិនឲ្យដល់ ៥លាននាក់ ក្នុងមួយឆ្នាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

ឯកអគ្គរាជទូតម៉ាឡេស៉ីប្រចាំប្រទេសចិន លោក Norman Muhamad បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមាន សមត្ថភាពខ្ពស់ក្នុងការទទួលភ្ញៀវទេសចរ។ គោលដៅគឺមិននៅឆ្ងាយទេ ទោះបីជាវាអាចចំណាយពេលលើសពី ២ទៅ៣ឆ្នាំ ដើម្បីសម្រេចឲ្យបាននោះ។ ចាប់តាំងពីយើងស្វែងរកការវិនិយោគបន្ថែមពីចិន ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ម៉ាឡេស៉ី ក៏ជួយធ្វើឲ្យមានអ្នកវិនិយោគចិនចូលមកម៉ាឡេស៉ី ដើម្បីស្វែងរកឱកាសផងដែរ»។ លោក Muhamad បានបន្ថែមថា «នាយករដ្ឋមន្រ្តី លោក Anwar Ibrahim ក៏បានអញ្ជើញប្រធានាធិបតីចិន ឲ្យបំពេញទស្សនកិច្ចនៅម៉ាឡេស៉ីដែរ យើងសង្ឃឹមថា លោក ស៉ី នឹងយល់ព្រម»

គួរបញ្ជាក់ថា ចិន និងម៉ាឡេស៉ី គ្រោងនឹងប្រារព្ធខួបលើកទី ៥០នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំ ២០២៤ ហើយកាលពីពេលថ្មីៗនេះ ម៉ាឡេស៉ីបានប្រកាសថា ភ្ញៀវទេសចរមកពីប្រទេសចិននឹងអាចធ្វើដំណើរដោយមិនគិតថ្លៃទិដ្ឋាការរយៈពេល ៣០ថ្ងៃ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាល ម៉ាឡេស៉ីបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៤៩៨,៥៤០នាក់ ក្នុងរយៈពេល៦ខែ គឺគិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ដែលជាតួលេខស្ទើរតែមួយភាគបីនៃកម្រិតមុនពេលកូវីដ១៩៕

រូបភាពពី Reuters