(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់បារាំង គ្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក នៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃការជំរុញផ្នែកការទូត ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ ក៏ដូចជាយោធា និងការកសាងទំនាក់ទំនងឡើងវិញជាមួយដៃគូដ៏សំខាន់មួយរបស់ខ្លួន គឺអូស្ត្រាលីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស់ស្ទៀន ឡឺគ័រនូ (Sebastien Lecornu) នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិប៉ាស៉ីហ្វិកខាងត្បូង ដែលនឹងរៀបចំឡើងលើទឹកដីក្រៅប្រទេសរបស់ខ្លួន គឺនៅកោះ New Caledonia ចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ។ កិច្ចប្រជុំនេះនឹងស្វែងរកការពង្រឹងកិច្ចសម្របសម្រួលផ្នែកសន្តិសុខ និងការពារជាតិរវាងប្រទេសក្នុងតំបន់ រួមជាមួយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងជប៉ុនដែលចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ លោក Lecornu ក៏នឹងត្រូវធ្វើដំណើរទៅកាន់ម៉ាឡេស៉ីផងដែរ បើទោះបីជាមន្ត្រីបារាំងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតក៏ដោយ។

ស្របពេលចង់ធ្វើពិពិធកម្មទំនាក់ទំនងរបស់ខ្លួននៅទូទាំងតំបន់ប៉ាស៊ីហ្វិក បារាំងក៏បាននិងកំពុងកសាងឡើងវិញនូវភាពជាដៃគូរបស់ខ្លួន ជាមួយអូស្ត្រាលីផងដែរ។ រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី កាត់តឺរីន កូឡូណា (Catherine Colonna) ក៏នឹងត្រូវធ្វើដំណើរទៅកាន់ទីនោះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ខណៈភាគីទាំងពីរសម្លឹងរកការបើកទំព័រថ្មី និងវឌ្ឍនភាពលើប្រធានបទជាច្រើន រាប់ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់វប្បធម៌ និងការការពារជាតិ។

គួរបញ្ជាក់ថា បារាំងដែលមានទឹកដីក្រៅប្រទេសនៃតំបន់មហាសមុទ្រប៉ាស៉ីហ្វិក និងមហាសមុទ្រឥណ្ឌា រួមទាំងកងទ័ពចំនួន ៧,០០០នាក់ដែលឈរជើងនៅទីនោះ បានចាត់ទុកខ្លួនឯងថាជាមហាអំណាចឥណ្ឌូប៉ាស៉ីហ្វិក។ ការបាត់បង់កិច្ចព្រមព្រៀងនាវាមុជទឹកដ៏សំខាន់ជាមួយអូស្ត្រាលី កាលពីឆ្នាំ ២០២១ បានបង្ខំឲ្យបារំាងពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួន ចំពោះមុខភាពតានតឹងក្នុងតំបន់ជាមួយចិន ទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉ារីសបានធ្វើកិច្ចព្រមព្រៀងអាវុធ និងសន្តិសុខជាមួយមហាអំណាចមួយចំនួន រួមទាំងឥណ្ឌា ម៉ាឡេស៉ី និងឥណ្ឌូណេស៊ី ក៏ដូចជាការពង្រឹងទំនាក់ទំនងជាមួយជប៉ុនផងដែរ៕

រូបភាពពី Reuters