(ហ៊្សេរុយសាឡិម)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក Karim Khan អគ្គរដ្ឋអាជ្ញារបស់ ICC កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៉ីស្រាអែល តបតាមសំណើររបស់អ្នកដែលនៅរស់រានមានជីវិត និងក្រុមគ្រួសារជនរងគ្រោះអ៉ីស្រាអែល ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

លោក Khan ក៏នឹងទៅទស្សនាទីក្រុង Ramallah នៅតំបន់ West Bank ដើម្បីជួបក្រុមមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនផងដែរ។ ICC បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនមែនជាការស៉ើបអង្កេតនោះទេ តែតំណាងឲ្យឱកាសមួយ ដើម្បីសម្តែងការអាណិតអាសូរចំពោះជនរងគ្រោះទាំងអស់ ក៏ដូចជាដើម្បីចូលរួមក្នុងកិច្ចសន្ទនាគ្នា។

គួរបញ្ជាក់ថា កាលពីខែតុលា ក្រុមគ្រួសារនៃជនរងគ្រោះអ៉ីស្រាអែល បានប្តឹង ICC ឲ្យបើកការស៉ីបអង្កេតលើករណីសម្លាប់ និងចាប់ពង្រត់។ ពួកគេបានជំរុញឲ្យ លោក Khan ផ្តោតលើការស៉ើបអង្កេតលើសកម្មភាពរបស់ក្រុមហាម៉ាស នៅក្នុងវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា នៅឯភាគខាងត្បូងអ៉ីស្រាអែល រួមទាំងការបាត់ខ្លួនដោយបង្ខំ៕

រូបភាពពី Reuters