(វ៉ាស៊ីនតោន)៖ អ៊ុយក្រែន នឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ ដើម្បីទទួលបានគ្រាប់​បែកមាន​អង្កត់ផ្ចិត​តូចអាច​បាញ់​ចេញ​ពី​ផ្ទាល់​ដី​ Ground Launched Small Diameter Bomb ឬ​ហៅកាត់​ថា GLSDB ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីមន្ទីរបញ្ចកោណ និងមន្ត្រីដែលបានដឹងពីបញ្ហានេះបានឱ្យដឹងថាការប្រគល់គ្រាប់បែក GLSDB ដោយក្រុមហ៊ុន Boeing សម្រាប់សហរដ្ឋអាមេរិកផ្គត់ផ្គង់ឱ្យអ៊ុយក្រែន នឹងមិនកើតឡើងនៅចុងខែធ្នូនេះនោះទេ ក្រោយការធ្វើតេស្ដអស់ជាច្រើនខែ មុននឹងត្រូវដឹកបញ្ជូនទៅឱ្យទីក្រុងកៀវ។

គួរបញ្ជាក់ថា ដំបូងឡើយ ដោយសារតែកិច្ចសន្យាចាប់ផ្ដើមការផលិតគ្រាប់បែក GLSDB ត្រូវបានចុះហត្ថលេខាកាលពីខែមីនាកន្លងទៅនេះ ដូច្នេះ ការប្រគល់ត្រូវធ្វើឡើងនៅដំណាច់ឆ្នាំ២០២៣នេះ។ គ្រាប់បែក GLSDB ផលិតរួមគ្នាដោយក្រុមហ៊ុនស៊ុយអែត SAAB AB និងក្រុមហ៊ុន Boeing របស់ សហរដ្ឋអាមេរិក ហើយគ្រាប់បែកប្រភេទនេះដែលមានបំពាក់ប្រព័ន្ធ GPS សម្រាប់អ៊ុយក្រែនអាចបាញ់បានចម្ងាយ ១៦០គីឡូម៉ែត្រ។ កាលពីខែមីនា រុស្ស៉ីធ្លាប់បានអះអាងថាខ្លួនបានបាញ់ទម្លាក់គ្រាប់បែក GLSDB ប៉ុន្តែក្រុមមន្ត្រីអាមេរិកអះអាងថាទីក្រុងវ៉ាស៊ីនតោនមិនទាន់បានផ្ដល់គ្រាប់បែកឆ្លាតវៃ ណាមួយឱ្យអ៊ុយក្រែននោះទេ និងមិនទាន់មានការបញ្ជាក់ថាតើប្រទេសដទៃបានផ្ដល់គ្រាប់បែកប្រភេទនេះឱ្យទីក្រុងកៀវ ឬក៏យ៉ាងណានោះដែរ៕

រូបភាពពីក្រុមហ៊ុន SAAB