(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយកាលពីសប្ដាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោន និងសម័្ពន្ធមិត្តថ្កោលទោសដោយចាត់ទុកថា ជាទង្វើរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានឱ្យដឹងទៀតថាសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មផងដែរលើក្រុម Hacker ឈ្មោះ Kimsuky ដែលត្រូវបានចោទថាធ្វើសកម្មភាពប្រមូលព័ត៌មានសម្ងាត់ដើម្បីគាំទ្រដល់មហិច្ឆតានុយក្លេអ៊ែរ និងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។ ការប្រកាស ដាក់ទណ្ឌកម្មនេះធ្វើឡើងក្រោមការសម្របសម្រួលជាមួយអូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើងកាលពីសប្ដាហ៍មុនអះអាងពីជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុត ដែលព្យុងយ៉ាងបញ្ជាក់ថាមានគោលដៅតាមដានសកម្មភាពយោធារបស់អាមេរិក និងកូរ៉េខាងត្បូង។

ទណ្ឌកម្មថ្មីនេះដែរនឹងបង្កកទ្រព្យសម្បត្តិរបស់អង្គភាព និងបុគ្គលដែលជាប់ទណ្ឌកម្មតម្កល់នៅសហរដ្ឋអាមេរិក ព្រមទាំងហាមឃាត់ជនជាតិអាមេរិក និងក្រុមហ៊ុនអាមេរិកក្នុងការមានទំនាក់ទំនងជាមួយនឹងពួកគេ ហើយអ្នកដែលល្មើស ឬបំពានទណ្ឌកម្មនេះ ក៏នឹងត្រូវប្រឈមជាប់ទណ្ឌកម្មដូចគ្នាដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មក កូរ៉េខាងជើងបានអះអាងជាបន្តបន្ទាប់ថាលោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើល រូបភាពរបស់សេតវិមាន មន្ទីរបញ្ចកោណ និងមូលដ្ឋានទ័ពអាមេរិកនៅកោះហ្កាំ ក៏ដូចជានៅកូរ៉េខាងត្បូងជាដើម ដែលត្រូវបានថត និងផ្ដល់ដោយ ផ្កាយរណបស៊ើបការណ៍នេះ៕

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈ Reuters