(តែល អាវីវ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានជំរុញឱ្យអ៉ីស្រាអែលបង្កើតតំបន់សុវត្ថិភាព មួយ សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា មុននឹងបើកធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើងវិញប្រឆាំងនឹងក្រុមហាម៉ាស។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះនាឱកាសបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ហើយដោយចង់សំដៅលើបទឈប់បាញ់ថ្ងៃទី៧ ក្នុង សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន លោករដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានអំពាវនាវឱ្យពន្យារបទឈប់បាញ់បន្ថែមផងដែរ ដើម្បី ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង និងការផ្ដល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងតែលអាវីវ លោក Blinken បានលើកឡើងដូច្នេះថា «ជាការពិត យើងចង់ឃើញដំណើរការនេះនៅតែបន្តឆ្ពោះទៅមុខ...យើងចង់ឃើញបទឈប់បាញ់ថ្ងៃទី៨ និងលើសពីនេះ»

លោក Blinken បន្ថែមថាអ៉ីស្រាអែលត្រូវតែមាន និងអនុវត្តផែនការគាំពារជនស៊ីវិលក្រោមបុព្វហេតុមនុស្សធម៌ ដែលនឹងជួយកាត់បន្ថយការស្លាប់ និងរងរបួសរបស់ជនស៊ីវិលប៉ាឡេស្ទីន ជាមួយការបង្កើតតំបន់ ឬទីកន្លែងនានាក្នុងតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃតំបន់ហ្កាហ្សា ជាទីដែល ជនស៊ីវិលអាចមានសុវត្ថិភាព និងស្ថិតនៅក្រៅសមរភូមិប្រយុទ្ធគ្នា។

គួរបញ្ជាក់ថា បទឈប់បាញ់ថ្ងៃទី៧ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នឹងត្រូវអស់សុពលភាពនៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ប្រសិនបើមិនមានកិច្ចព្រមព្រៀងពន្យារបទឈប់បាញ់ទេនោះ៕

រូបភាពពី AFP