(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់លោកត្រៀមលក្ខណៈឱ្យបានរួចរាល់ និងប្រុងជើងការជានិច្ច ដើម្បី ឆ្លើយតបទៅនឹងរាល់សកម្មភាពបង្ករឿងទាំងឡាយពីសត្រូវ ក្រោយទីក្រុងព្យុងយ៉ាងសន្យាថានឹងដាក់ពង្រាយកងកម្លាំង និងអាវុធធុនធ្ងន់ឡើងវិញ នៅតាមតំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងត្បូង។ នេះបើតាម KCNA​ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

​តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ធ្វើការអំពាវនាវបែបនេះអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្ដាលកងទ័ព អាកាសកូរ៉េខាងជើង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីចូលរួមជាអធិបតីនៃពិធីប្រារព្ធខួបកងទ័ពអាកាស។ លោក គីម ក៏បានដាក់ចេញការណែនាំ ជាយុទ្ធសាស្ត្រមួយចំនួន ក្នុងការកែលម្អការត្រៀមលក្ខណៈរបស់យោធា និងសមត្ថភាពធ្វើសង្រ្គាមផងដែរ។ KCNA តាមរយៈការស្រង់សម្ដីពីលោក គីម បានគូសបញ្ជាក់ដូច្នេះថា «លោក គីម បានវាយតម្លៃខ្ពស់ចំពោះការត្រៀមលក្ខណៈរបស់ក្រុមពីឡុត ក្នុងការដឹកនាំបេសកកម្មប្រយុទ្ធផ្លូវអាកាស នៅគ្រប់កាលៈទេសៈទាំងអស់»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានប្រកាសពីទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍កាលពីពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង ដែលអះអាងថាការបាញ់បង្ហោះនេះគឺជាការអនុវត្តសិទ្ធិស្វ័យការពារខ្លួន៕

រូបភាពពី Reuters