(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្រ្តីអេស្បាញ លោក Pedro Sanchez បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហភាពអឺរ៉ុបគួរតែទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីព្រោះវានឹងជួយបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងជួយធ្វើឲ្យមានស្ថេរភាពតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Pedro Sanchez បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍សាធារណៈអេស្ប៉ាញ TVE ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា «វាច្បាស់ណាស់ថា យើងត្រូវស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់វិបត្តិនេះ ហើយដំណោះស្រាយនោះបើតាមគំនិតរបស់ខ្ញុំ គឹការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន»។

នាយករដ្ឋសង្គមនិយមរូបនេះបានបន្ថែមថា «វាជាប្រយោជន៍សម្រាប់អឺរ៉ុប ក្នុងការដោះស្រាយបញ្ហានេះ ដោយផ្អែកលើគោលការណ៍សីលធម៌ ពីព្រោះអ្វីដែលយើងឃើញនៅក្នុងតំបន់ហ្គាហ្សា គឺមិនអាចទទួលយកបានទេ និងជាប្រយោជន៍ភូមិសាស្ត្រនយោបាយ ដែលនឹងធ្វើឱ្យតំបន់មួយមានស្ថេរភាព»

គួរបញ្ជាក់ថា នៅពេលលោកស្បថចូលកាន់តំណែងថ្មីក្នុងខែនេះ លោក Sanchez បាននិយាយថា អាទិភាពគោលនយោបាយការបរទេសរបស់លោក គឺ «ធ្វើការនៅអឺរ៉ុប និងនៅអេស្ប៉ាញ ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន» ដោយបន្ថែមថា ប្រសិនបើមិនមានការឯកភាពគ្នាក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ទេ លោក Sanchez បាននិយាយថា ទីក្រុងម៉ាឌ្រីដ ក៏មិនបដិសេធការទទួលស្គាល់ជាឯកតោភាគីចំពោះរដ្ឋប៉ាឡេស្ទីននោះដែរ។

ប្រទេសអឺរ៉ុបតូចៗមួយចំនួនបានបោះជំហានបែបនេះរួចហើយ ដែលភាគច្រើនជាប្រទេសអឺរ៉ុបខាងកើត ដូចជាហុងគ្រី ប៉ូឡូញ និងរូម៉ានី មុនពេលចូលជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានសមាជិកសហភាពអឺរ៉ុបធំណាមួយបានចាត់វិធានការបែបនេះទេ ដែលនឹងធ្វើឱ្យអេស្ប៉ាញក្លាយជាអ្នកត្រួសត្រាយផ្លូវមុនគេ។ ក្នុង​ឆ្នាំ ២០១៤ សភា​អេស្ប៉ាញ​បាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​មួយ​ ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ភាព​ជា​រដ្ឋ​របស់​ប៉ាឡេស្ទីន៕

រូបភាពពី Reuters/strong>