(ម៉ូស្គូ)៖ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានការវាយតម្លៃខុសគ្នាអំពីភាគីដែលនឹងត្រូវចាញ់និងឈ្នះ ក្នុងសង្គ្រាមនេះ។ ការវាយតម្លៃខ្លះបានមើលឃើញអ៊ុយក្រែនកំពុងប្រឈមភាពមិនល្អនៃអនា គតរបស់ខ្លួន ប៉ុន្តែមេដឹកនាំអង្គការណាតូនិយាយថា អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកគឺប្រទេសរុស្ស៊ី។

អ៊ុយក្រែនបានប្តេជ្ញាបន្តការវាយប្រហារដាក់លើរុស្ស៊ី និងមិនចុះញ៉មចំពោះរុស្ស៊ីឡើយ​បើទោះបីជាមានក្តីសង្ស័យលើការគាំទ្ររបស់ប្រទេសលោកខាងលិច និងមានការរីកចំរើនតិចតួច របស់ខ្លួនលើសមរភូមិប្រយុទ្ធក៏ដោយ។ រុស្ស៊ីបានបាញ់បង្ហោះដ្រូន២១គ្រឿងនិងបាញ់មីស៊ីលគ្រូស៣គ្រឿងដាក់លើអ៊ុយក្រែនវេលា យប់ថ្ងៃទី២៩វិច្ឆិកា។ ដ្រូននិងមីស៊ីលទាំងអស់លើកលែងតែមីស៊ីលមួយគ្រាប់ ត្រូវបានបាញ់ ទម្លាក់ដោយប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ត្រូវបានគេដកស្រង់ពាក្យសម្តីដែលនិយាយថា លោក នឹងមិនរកសន្តិភាពជាមួយនឹងអ៊ុយក្រែនឡើយ នៅមុនពេលដែលលោកនឹងដឹងនូវលទ្ធផល ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤នៅក្នុងសហរដ្ឋអាមេរិក។ ក្តីសង្ឃឹមរង់ចាំមើលស្ថានការណ៍ ប្រែប្រួលក្នុងសហរដ្ឋអាមេរិកនេះ បានទន្ទឹមនឹងរបាយការណ៍ខ្លះដែលគិតថាប្រសិនណាបើ ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤ នឹងអាចឱ្យ លោក ដូណាល់ ត្រាំ​ បានឈ្នះលើ លោក ចូបៃ ដិន វិញនោះ, ការឈ្នះនោះនឹងបញ្ចប់ការគាំទ្ររបស់ប្រទេសលោកខាងលិចចំពោះអ៊ុយក្រែន ដែលធ្វើឲ្យសង្គ្រាមដែលរំពឹងតែលើដង្ហើមដករប​ស់បរទេស ជាពិសេសរដ្ឋបាលលោកចូបៃដិននៃសហ រដ្ឋអាមេរិក នឹងជួបការលំបាក។

លោក ដូណាល់ ត្រាំ​ ត្រូវគេឃើញថាលោកកំពុងព្យាយាម​ដណ្ដើមជ័យជំនះមកវិញសម្រាប់ ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី ឆ្នាំ ២០២៤ ហើយលោកកំពុងក្លាយជាបេក្ខជននាំមុខគេ សម្រាប់ការ​ឧទ្ទេសនាមតំណាង​ឲ្យគណបក្ស​សាធារណរដ្ឋ​ថែមទៀត។ លោកដូណាល់ត្រាំ បានរិះគន់ធ្ងន់ៗ​ចំពោះការ​ដែលសហរដ្ឋអាមេរិកគាំទ្រ​ប្រទេសអ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមជាមួយនឹង​ប្រទេសរុស្ស៊ី ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានថ្លែងប្រតិកម្មចំអកមកវិញថាលោក ពូទីន កំពុងរង់ចាំការបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងរង់ចាំមើលថាតើរដ្ឋាភិបាលថ្មីនោះ នឹងផ្លាស់ប្តូរអកប្បកិ រិយាយ៉ាងណាចំពោះអ៊ុយក្រែន។ លោក Dmytro Kuleba និយាយបន្ត ថា ប៉ុន្តែបំណងរបស់លោកពូទីនគង់តែនឹងបរាជ័យក្នុងក្តីសង្ឃឹមរបស់គាត់ជាមិនខាន។

សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីបានឈានដល់៦៤៤ថ្ងៃហើយគិតត្រឹមថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០២៣។ ការវាយតម្លៃខ្លះ បានមើលឃើញថាអ៊ុយក្រែនទំនងនឹងមិនអាចឈ្នះក្នុងសង្គ្រាមបានឡើយ បើសិនជាគ្មានជំនួយគ្រប់គ្រាន់ពីប្រទេសលោកខាងលិចជាពិសេសពីសហរដ្ឋអាមេរិក។ មេ ដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ធ្លាប់បានបញ្ជាក់កាលពីខែកញ្ញារួចមកហើយក្នុងដំណើរ ទស្សនកិច្ចនារដ្ឋធានីវ៉ាស្ហ៊ីនតោនថា បើសិនជាគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកទេ, អ៊ុយ ក្រែនមិនអាចឈ្នះសង្គ្រាមបានឡើយ។ សម្តីទទួលស្គាល់អនាគតនៃភាពបរាជ័យនេះ បានធ្វើ ឡើងខណៈដែលលោកនៅតែមានជំនឿថាសហរដ្ឋអាមេរិកនឹងបន្តការផ្តល់ជំនួយយោធាមក អ៊ុយក្រែនដូចតាមការសន្យារបស់ប្រធានាធិបតីអាមេរិកលោកចូបៃដិន បើទោះបីជាមានឧប សគ្គខ្លះរារាំងដោយគណបក្សសាធារណរដ្ឋក្នុងស្ថាប័នសភាតំណាងរាស្ត្រ ប៉ុន្តែក្រោយមាន ព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលាលើទឹកដីអ៊ីស្រាអែល ដែលនាំឱ្យមានការផ្ទុះសង្គ្រាមមួយ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីននោះមក សហរដ្ឋអាមេរិកនិងពិភពលោកបាន បំបែរការចាប់អារម្មណ៍ចំពោះសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ានោះវិញ។ ទោះជាយ៉ាងណាក៏ ដោយរដ្ឋបាលលោកចូបៃដិន របស់សហរដ្ឋអាមេរិក នៅតែប្តេជ្ញានូវពាក្យសម្តីការបន្តផ្តល់ ជំនួយយោធាដល់អ៊ុយក្រែនជាដដែល បើទោះបីជាមានសេចក្តីរាយការណ៍ខ្លះបានបង្ហាញនូវ ភាពនឿយណាយរបស់សកលលោកជុំវិញសង្គ្រាមអ៊ុយក្រែន ដែលមិនមានលទ្ធផលល្អដូច តាមការរំពឹងទុកឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Kuleba ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអង្គការ ណាតូក្នុងសប្តាហ៍នេះ បាននិយាយថា អ៊ុយក្រែនមិនបានឃើញសញ្ញាណា មួយដែលថា សម្ព័ន្ធមិត្តណាតូរបស់ខ្លួន នឿយហត់នឹងសង្គ្រាម ឬនឿយណាយចំពោះការផ្តល់ជំនួយដល់ ប្រទេស អ៊ុយក្រែននេះឡើយ។ លោកបានថ្លែងថា «ខ្ញុំបានឮយ៉ាងច្បាស់ពាក្យថា "No" ពាក់ ព័ន្ធនឹងភាពនឿយណាយចំពោះការជួយអ៊ុយក្រែន, និងខ្ញុំបានឮពាក្យថា«Yes» ចំពោះភាពប្តេ ជ្ញាចិត្តបង្កើនការគាំទ្រដល់អ៊ុយក្រែន»។ លោក Kuleba បានថ្លែងទៀតថា ពួកគេទាំងឡាយ សុទ្ធតែបានយល់ថា ដើម្បីឱ្យពួកគេមានអារម្មណ៍សុខសាន្ត, ដើម្បីឱ្យពួកគេមិនបញ្ចប់ក្នុង ស្ថានភាពដែលទាហានណាតូនឹងត្រូវតែប្រយុទ្ធទៀតនោះ, គឺអ៊ុយក្រែន​ត្រូវ​តែ​ឈ្នះ​ក្នុង​សង្គ្រាម​នេះ»។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអង្គការណាតូ ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសអ៊ុយ ក្រែនដែរនោះ បានបញ្ចប់កិច្ចប្រជុំ២ថ្ងៃរប​ស់ខ្លួន ក្នុងក្រុងប្រុចសែលនៃប្រទេសបែលហ្ស៊ីកនៅ ថ្ងៃទី២៩វិច្ឆិកា។ កិច្ចប្រជុំបានបង្ហាញនូវជំហរគាំទ្រចំពោះអ៊ុយក្រែន និងការរៀបចំកិច្ចប្រជុំ កំពូលមួយនាពេលខាងមុខថែមទៀតនៅក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោនសហរដ្ឋអាមេរិក។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអង្គការណាតូនេះ បានផ្តោតលើចំណុចមួយផងដែរទាក់ទង នឹងការជំរុញអ៊ុយក្រែនដើម្បីឱ្យក្លាយជាសមាជិករបស់អង្គការណាតូ។ កិច្ចពិភាក្សាបានផ្តល់ ជាអនុសាសន៍ ស្តីពីភាពតម្រូវតែមានកំណែទម្រង់ជាអាទិភាពចំពោះអ៊ុយក្រែន រួមមាន ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, ការពង្រឹងនីតិរដ្ឋ និងការគាំទ្រសិទ្ធិមនុស្ស និងសិទ្ធិជនជាតិភាគតិច។

អគ្គលេខាធិការបាននិយាយលើកឡើងនូវពាក្យដដែលរបស់លោកថា «កាល​ពី​ឆ្នាំ​មុន អ៊ុយក្រែន​បាន​ឈ្នះ​សមរភូមិ​​ក្រុងកៀវ, ក្រុង Kharkiv និងក្រុង Kherson»។ អគ្គលេខាធិការអង្គ ការណាតូរួបនេះ និយាយបន្តថា «ចំណែកក្នុងឆ្នាំ ២០២៣នេះ, អ៊ុយក្រែនបានបន្តការវាយប្រ ហារដាក់លើរុស្ស៊ី បង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់កងកម្លាំងរុស្ស៊ីថែមទៀត»។ លោកថា អ៊ុយក្រែន​បាន​ដណ្តើម​យក​មកវិញ​នូវ​ទឹកដី​ចំនួន ៥០ ភាគរយ​ដែល​រុស្ស៊ី​បាន​រឹបអូស និងថា អ៊ុយក្រែនជាប្រទេសរឹងមាំមានអធិបតេយ្យភាពនិងឯករាជ្យ និងអ្វីទាំងនេះ លោក Stoltenberg ចាត់ទុកថា វា​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​អ៊ុយក្រែន។ មេដឹកនាំអង្គការណាតូ រូបនេះបានបន្ថែមថា «អ៊ុយក្រែនកាន់តែបោះជំហានកៀកក្បែរនឹងអង្គការណាតូជាងពេលណាៗទាំងអស់ និងលោកបានថ្លែងបូកសារុបថា «យើងនឹងបន្តគាំទ្រអ៊ុយក្រែនដែលកំពុងស្ថិត លើផ្លូវទៅកាន់សមាជិកភាពរបស់ណាតូ»។ អ៊ុយក្រែនបើសិនក្លាយជាសមាជិករបស់អង្គការ ណាតូមែននោះ, សង្គ្រាមនឹងបំបែរពីអ៊ុយក្រែនរុស្ស៊ី ក្លាយជាសង្គ្រាមរវាងរុស្ស៊ីនិងអង្គការណា តូជាមិនខានឡើយ ដោយសារតែធម្មនុញ្ញមាត្រា៥របស់អង្គការណាតូនិយាយថា ការវាយប្រ ហារណាមួយដាក់លើសមាជិករបស់អង្គការណាតូ គឺស្មើនឹងការវាយប្រហារដាក់មកលើអង្គ ការណាតូទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ សមាជិកនៃប្រទេសក្នុងអង្គការណាតូ បាន និយាយថាអ៊ុយក្រែននឹងមិនអាចក្លាយជាសមាជិកនាពេលដែលសង្គ្រាមមិនទាន់បានបញ្ចប់ ឡើយ។

ថ្លែងអំពីស្ថានភាពប្រយុទ្ធនៅលើសមរភូមិនោះវិញ, លោក Stoltenberg បានលើកឡើងនូវ ភាពរីកចំរើនខ្លះដែលអ៊ុយក្រែនបានធ្វើនៅក្នុងឆ្នាំ២០២៣នេះក្នុងនោះរួមមានទាំងលើសមរ ភូមិដែនគោកនិងដែនទឹកក្នុងសមុទ្ទខ្មៅ។
លោកបាននិយាយថា រុស្ស៊ីកំពុងបាត់បង់ឥទ្ធិពលនយោបាយ, រុស្ស៊ីមានអ្នកស្លាប់ និងរបួសជាង ៣០ម៉ឺននាក់ និងបាត់បង់មួយផ្នែកធំនៃកងកម្លាំងប្រយុទ្ធរបស់ខ្លួន, និងថារុស្ស៊ីបានស្ថិត ក្រោមសម្ពាធសេដ្ឋកិច្ចថែមទៀត។ លោក Stoltenberg បាននិយាយបង្អាប់ថារុស្ស៊ីឥឡូវនេះ «ខ្សោយផ្នែកនយោបាយ យោធា និងសេដ្ឋកិច្ច… ពីមួយឆ្នាំទៅមួយឆ្នាំ…និងថារដ្ឋាភិបាលក្រុង ម៉ូស្គូកំពុងបញ្ចាំអនាគតរបស់ខ្លួនទៅទីក្រុងប៉េកាំង» និងលោកបាននិយាយថា «អ្វីទាំងអស់នេះ គូសបង្ហាញអំពីកំហុសយុទ្ធសាស្ត្ររបស់លោកពូទីន ក្នុងការឈ្លានពានអ៊ុយក្រែន»។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍វាយតម្លៃពីក្រុមអ្នកវិភាគខ្លះបានមើលឃើញថា គឺអ៊ុយក្រែនទៅវិញទេ ដែលកំពុងតែប្រឈមនឹងអនាគតមិនសូវល្អរបស់ខ្លួន។
កាសែត The Wall Street Journal បានសរសេរក្នុងសប្តាហ៍នេះបង្ហាញក្តីបារម្ភចំពោះអនាគត របស់អ៊ុយក្រែនដែលគេអាចមើលឃើញថាការចាញ់សង្គ្រាមនឹងកាន់តែកៀកមកជិតជាលំដាប់។ កាសែត The Wall Street Journal បាន សរសេរដកស្រង់សម្តីមន្ត្រីអឺរ៉ុបដែលនិយាយថា អ៊ុយក្រែនអាចទប់ទល់បានក្នុងរដូវរងារនេះ ប៉ុន្តែស្ថានភាពនឹងកាន់តែជួបឧបសគ្គខ្លាំងក្នុងឆ្នាំ ២០២៤។ គ្រាដែល មេដឹកនាំអង្គការណាតូលោក Stoltenberg បាននិយាយអំពីភាពទន់ ខ្សោយរបស់រុស្ស៊ីនោះ, The Wall Street Journal បានសរសេររំលេចអំពីភាពខ្លាំងរបស់រុស្ស៊ី លើ​អ៊ុយក្រែន ទាំងផ្នែកនយោបាយ, យោធានិងសេដ្ឋកិច្ច។

The Wall Street Journal ថែមទាំងបានសរសេរបង្ហាញនូវចំណុចខ្សោយអ៊ុយក្រែន ពាក់ព័ន្ធ នឹងអំពើពុករលួយក្នុងប្រព័ន្ធកំណែនយោធា និងការព្យាករណ៍ថា ស្ថានភាពនៅលើសមរ ភូមិនឹងកាន់តែយ៉ាប់យ៉ឺនទៅជាលំដាប់ ក្នុងរដូវរងារឈានមកដល់នេះ។ កាសែតសរសេរថា ភាពលំបាករបស់អ៊ុយក្រែនទាំងនេះ គឺ ដោយសារតែការបាត់បង់របស់ខ្លួនយ៉ាងធ្ងន់ធ្ងរក្នុង យុទ្ធនាការរដូវប្រាំងដែលមិនបានសម្រេចលទ្ធផលជាដុំកំភួនឡើយ។

តើស្ថានការណ៍ពិតប្រាកដនៅលើសមរភូមិមានភាពវិវត្តន៍យ៉ាងណារយៈពេល២៤ម៉ោង កន្លងមកនេះ?
អ៊ុយក្រែនបាននិយាយថា គេបានសម្លាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ីប្រាំនាក់នៅក្នុងការវាយប្រហារ លើអគារមួយនៅក្នុងតំបន់ Kherson ដែលរុស្ស៊ីបានគ្រប់គ្រង ។ កងកម្លាំងប្រដាប់អាវុធអ៊ុយ ក្រែនបាននិយាយថា ការវាយប្រហារនោះបានធ្វើដាក់លើកិច្ចប្រជុំមួយនៅក្នុងភូមិយូវីលីន Yuvileyne បន្ទាប់ពីមាន «ព័ត៌មានផ្តល់ដោយមនុស្សបង្កប់និងពីអ្នកស្រុកដែលពាក់ព័ន្ធ»។

អ៊ុយក្រែនបាននិយាយថា កម្លាំងការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនShahed ផលិតដោយអ៊ីរ៉ង់ចំនួន២១គ្រឿង ដែលធ្វើដំណើរទៅកាន់តំបន់ភាគខាងលិច ខ្មេលនីតស្គី Khmelnytskyi នៃមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន វេលាយប់ថ្ងៃអង្គារ៍ទី២៨វិច្ឆិកា។
អ្នកនាំពាក្យយោធាអ៊ុយក្រែនលោក Oleksandr Shtupun បាននិយាយថា ទាហានរុស្ស៊ី កំពុងបង្កើនការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ភាគខាងកើត Donetsk។ អ្នកនាំពាក្យ ដដែលនិយាយថារុស្ស៊ីបាន «បង្កើនទ្វេដងការវាយប្រហារដោយការបាញ់កាំភ្លើងធំ និងតាមផ្លូវអាកាស» ហើយថែមទាំងបាន «បង្កើនការវាយប្រហារដោយទាហានថ្មើរជើងផងដែរ»។

កម្លាំងយោធាអ៊ុយក្រែន​បាន​ធ្វើការកត់ត្រាទុកថា រុស្ស៊ីចាប់តាំងពីបានធ្វើសង្គ្រាម តាំងពីថ្ងៃទី ២៤កុម្ភៈ​នោះមក មានចំនួន​អ្នក​ស្លាប់​និង​របួស​ប្រមាណ៣២ម៉ឺន៧ពាន់៥៨០​នាក់។ ដោយឡែក នៅក្នុងការធ្វើបច្ចុប្បន្នភាពសាជាថ្មីរបស់ខ្លួន, កម្លាំងយោធាអ៊ុយក្រែននិយាយថា តួលេខនោះ បានកើនបន្ថែមចំនួន១ពាន់១៤០នាក់គិតមកទល់ពេលនេះ។
នៅទន្ទឹមនេះដែរ, ក្រសួងការពារជាតិរបស់អង់គ្លេសបាននិយាយថា ប្រទេសរុស្ស៊ីទំនងជាបាន ចាប់ផ្តើមប្រើប្រាស់គ្រាប់បែកចង្កោម៥០០គីឡូក្រាមរបស់ខ្លួនជាបន្ថែមទៀតដាក់នៅក្នុងទីក្រុង Donetsk។ គ្រាប់​បែកចង្កោម៥០០គីឡូក្រាមនោះ​បាន​បញ្ចេញ​កូនឃ្លីនៃគ្រាប់​បែក​តូចៗ​ពី១០០ទៅ៣៥០ គ្រាប់រាយប៉ាយនៅលើដីដ៏ទូលំទូលាយ។
​ពីភាគីរុស្ស៊ីនោះវិញ, កង​កម្លាំង​រុស្ស៊ី​បាន​អះអាង​ថា​បាន​ចូល​កាន់កាប់​ភូមិ​ Khromovវិញ ដែល ជា ភូមិស្ថិតនៅក្បែរ នឹងក្រុងBakhmut ដែលជាក្រុងរុស្ស៊ីបានគ្រប់គ្រងនិងកាន់កាប់ ខណៈ អ៊ុយក្រែនធ្វើយុទ្ធនាការ ជាច្រើនដងដើម្បីប៉ុនប៉ងដណ្តើមកាន់កាប់។

តើអនាគតនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក្លាយជាយ៉ាងណានោះ គឺមិនទាន់មានអ្នកណា ម្នាក់អាចនិយាយច្បាស់លាស់ក្នុងពេលនេះបានឡើយ៕

រូបភាពពី Reuters