(តៃប៉ិ)៖ តៃវ៉ាន់បានរាយការណ៍ម្តងទៀតថា នៅព្រហស្បតិ៍ (៣០ ខែវិច្ឆិកា) នេះមានយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន​ជាច្រើនគ្រឿង បានធ្វើសកម្មភាពជុំវិញកោះនេះ ក្នុងនោះមានទាំងយន្តហោះ ដែលហោះឆ្លងកាត់ចំណុចកណ្តាលដ៏រសើប នៃច្រកសមុទ្រតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន មុនការបោះឆ្នោតរបស់តៃវ៉ាន់ក្នុងខែមករា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២៣។

តៃវ៉ាន់ដែលគ្រប់គ្រងតាមរបបប្រជាធិបតេយ្យ ដែលចិនអះអាងថាជាខេត្តមួយរបស់ខ្លួន បានត្អូញត្អែរសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនេះ ជុំវិញការល្បាត និងសមយុទ្ធយោធាជាទៀងទាត់របស់ចិននៅជិតកោះនេះ។

តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ១៣ ខែមករា ខាងមុខ ហើយ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​ដំណើរការ​ពេញ​លេញ​ហើយ។ ទំនាក់ទំនង​ជាមួយ​ចិន​គឺជា​ចំណុច​សំខាន់​នៃ​ជម្លោះ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ខ្លួនបានប្រទះឃើញយន្តហោះចម្បាំង J-10 និង J-16 ក៏ដូចជាឧទ្ធម្ភាគចក្រដឹកតាមនាវា កំពុងប្រតិបត្តិការនៅជិតកណ្តាលកោះតៃវ៉ាន់ និងភាគនិរតីនៃកោះនេះ។

ក្រសួងបានបន្ថែមថា យន្តហោះ ១១ គ្រឿង ក្នុងចំណោមយន្តហោះទាំងនោះបានឆ្លងកាត់ខ្សែកណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ ឬតំបន់នៅក្បែរនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។

ខ្សែកណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះចិនហោះហើរជាទៀងទាត់ឆ្លងកាត់ច្រកសមុទ្រមួយនេះ៕

រូបភាពពី Reuters