(ព្រុចសែល)៖ ទីភ្នាក់ងារការពារជាតិនៃសហភាពអឺរ៉ុប (EU) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការចំណាយលើវិស័យយោធារបស់ EU បានឈានដល់ចំនួនបំបែកកំណត់ត្រាមួយ គឺ២៤០ពាន់លានអឺរ៉ូ (២៦០ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំ២០២២ ចំពោះមុខការផ្ទុះឡើងនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
តួលេខខាងលើតំណាងឱ្យអត្រាកំណើនជារួម៦ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ ស្របពេលដែលសមាជិកទាំង២៧ប្រទេសរបស់ EU នាំគ្នាប្រឹងប្រែងបង្កើនការទិញសម្ភារយោធាថ្មីៗ។ ទីភ្នាក់ងារការពារជាតិអឺរ៉ុប EDA បាននិយាយថា ប្រទេសអឺរ៉ុបចំនួន៦ បានបង្កើនការចំណាយលើវិស័យយោធារបស់ពួកគេលើសពី១០ភាគរយ ខណៈស៊ុយអែតដែលបានស្នើសុំចូលជា សមាជិកអង្គការណាតូ (NATO) បានបង្កើនដល់ទៅជាង៣០ភាគរយ។
គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីឆ្នាំ២០២២ បានក្លាយជាការដាស់តឿនមួយ សម្រាប់ក្រុមប្រទេសអឺរ៉ុប ដែលប្រាប់ថា ពួកគេត្រូវវិនិយោគឱ្យច្រើនបន្ថែមទៀត លើវិស័យការពារជាតិ ដើម្បីអាចនឹងប្រឈមមុខ ជាមួយការគំរាមកំហែងពីរុស្ស៉ីបាន។ តាមពិតទៅ ក្រោយការថយចុះ អស់រយៈពេលប៉ុន្មានទសវត្សរ៍ បន្ទាប់ពីសង្រ្គាមត្រជាក់បិទបញ្ចប់ទៅ ការចំណាយលើយោធារបស់អឺរ៉ុប ក៏បានចាប់ផ្តើមកើនឡើងវិញ ជារៀងរាល់ឆ្នាំរួចទៅហើយដែរ គិតចាប់តាំងពីរុស្ស៉ី បានក្រសោបយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ រីឯខាងរុស្ស៉ីវិញ គឺរដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសពីការបង្កើនយ៉ាងធំមួយ គឺរហូតដល់៦៨ភាគរយ ក្នុងការចំណាយលើវិស័យយោធារបស់ខ្លួន សម្រាប់ឆ្នាំ២០២៤៕
រូបភាពពី AFP/strong>