(ញូវដេលី)៖ ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ឥណ្ឌាបានរៀបចំក្រុមការងារមួយដើម្បីស៉ើបអង្កេត ជុំវិញការព្រួយបារម្ភផ្នែក សន្តិសុខលើកឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោនចេញការព្រមានមួយទៅកាន់ទីក្រុងញូវដេលី អំពីភាពជាប់ពាក់ព័ន្ធទៅនឹងផែនការ សម្លាប់មេដឹកនាំផ្តាច់ខ្លួន Sikh ម្នាក់នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីសប្តាហ៍មុន សេតវិមានបានព្រមានទៅកាន់ទីក្រុងញូវដេលី អំពីភាពជាប់ពាក់ព័ន្ធណាមួយរបស់ឥណ្ឌា ទៅនឹងផែនការសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួន Sikh លោក Gurpatwant Singh Pannun ដែលសហរដ្ឋអាមេរិកបានរារាំងទាន់ពេលវេលានៅលើទឹកដីរបស់ខ្លួន។ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា «ឥណ្ឌា យកចិត្តទុកដាក់លើបញ្ហាប្រទាក់ក្រឡាគ្នាបែបនេះ និងដែលអាចប៉ះពាល់ដល់ប្រយោជន៍សន្តិសុខជាតិរបស់យើង ហើយប្តេជ្ញា ចាត់វិធានការតាមដានជាចាំបាច់ ទៅតាមការរកឃើញរបស់ក្រុមការងារដែលបានបង្កើតឡើង កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងមកនោះ»។

គួរបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើងចំពេលដែលឥណ្ឌា និងរដ្ឋបាលលោក បៃដិន ព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ ប្រឈមមុខនឹង ការកើនឡើងឥទ្ធិពលរបស់ចិន៕