(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យកំណត់ពេលវេលាជាក់លាក់ និងផែនទីបង្ហាញផ្លូវ សម្រាប់ដំណោះស្រាយរដ្ឋពីរ ដើម្បីសម្រេចបាននូវការដោះស្រាយដ៏ទូលំទូលាយ យុត្តិធម៌ យូរអង្វែងនៃបញ្ហាប៉ាឡេស្ទីន។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការអំពាវនាវនេះត្រូវបានដាក់ចេញនៅក្នុងឯកសារគោលជំហរស្តីពីជម្លោះតំបន់ហ្កាហ្សា ដែលចេញផ្សាយដោយក្រសួងការបរទេសចិន និងខណៈចិន កំពុងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែវិច្ឆិកា។ ឯកសារគោលជំហរនេះមានខ្លឹមសារថាក្រុមប្រឹក្សាសន្តិសុខត្រូវពង្រឹង ការសម្របសម្រួលផ្នែកការទូតរបស់ខ្លួន ចាប់ផ្តើមដំណោះស្រាយរដ្ឋទាំងពីរឡើងវិញ និងកោះប្រជុំសន្និសិទសន្តិភាពអន្តរជាតិ «ប្រកបដោយសិទ្ធិអំណាច និងប្រសិទ្ធភាពជាងមុន» ហើយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា ចិន ក៏បានជំរុញឲ្យក្រុមប្រឹក្សាដែលមានសមាជិកចំនួន១៥ គោរពតាមការអំពាវនាវទូទៅរបស់សហគមន៍អន្តរជាតិចំពោះ «បទឈប់បាញ់ ដ៏ទូលំទូលាយមួយ» ដើម្បីឈានទៅបញ្ឈប់ការប្រយុទ្ធគ្នាផងដែរ៕