(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា បច្ចុប្បន្ន មិនមែនជាពេលដែលចិនត្រូវពិចារណាប្រើកម្លាំងយោធាលើតៃវ៉ាន់ នោះទេ ខណៈមេដឹកនាំចិនកំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងយ៉ាងច្រើនស្អេកស្កះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចិនដែលបានចាត់ទុកកោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន បានបង្កើនការដាក់សម្ពាធទាំងយោធា និងនយោបាយប្រឆាំងនឹងតៃវ៉ាន់ កាន់តែខ្លាំងឡើង ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងពីលទ្ធភាពផ្ទុះសង្រ្គាម។ ប៉ុន្តែ សម្រាប់លោកស្រី Tsai Ing-wen សព្វថ្ងៃ ចិនមាន បញ្ហាច្រើនពេកហើយដែលត្រូវដោះស្រាយ។ លោកស្រី Tsai ធ្វើការកត់សម្គាល់បែបនេះ ក្នុងសេចក្ដីចម្លងនៃបទសម្ភាសន៍ជាមួយកាសែត New York Times ចេញផ្សាយដោយការិយាល័យរបស់លោកស្រីនៅថ្ងៃព្រហស្បតិ៍នេះ។ មេដឹកនាំកោះតៃវ៉ាន់បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ខ្ញុំគិតថា ថ្នាក់ដឹកនាំចិន ក្នុងខណៈពេលនេះ មានបញ្ហាផ្ទៃក្នុងច្រើនស្អេកស្កះត្រូវដោះស្រាយ ហើយតាមគំនិតរបស់ខ្ញុំ វាមិនមែនជាពេលសម្រាប់ពួកគេត្រូវពិចារណា លើការឈ្លានពានទ្រង់ទ្រាយធំលើតៃវ៉ាន់នោះឡើយ»

គួរបញ្ជាក់ថា លោកស្រី Tsai Ing-wen បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យមានកិច្ចចរចាជាមួយចិន តែត្រូវបានបដិសេធ ដោយទីក្រុងប៉េកាំងចាត់ទុកថា លោកស្រី Tsai និងគណបក្ស Democratic Progressive Party (DPP) កាន់អំណាចរបស់លោកស្រី ជាក្រុមឧទ្ទាមផ្ដាច់ទឹកដី៕

រូបភាពពី Reuters