(តូក្យូ)៖ ទីក្រុងតូក្យូ បានស្នើសុំឱ្យយោធាអាមេរិកបញ្ឈរជើងយន្ដហោះ V-22 Osprey បន្ទាប់ពីយន្ដហោះប្រភេទនេះមួយគ្រឿងបានធ្លាក់ចូល សមុទ្រកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅភាគខាងលិចប្រទេសជប៉ុន ដោយសម្លាប់មនុស្សយ៉ាងហោចម្នាក់ដែលជិះនៅលើនោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមកងទ័ពអាកាសអាមេរិក មូលហេតុដែលបណ្ដោលឱ្យយន្ដហោះ Osprey ធ្លាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ថ្លែងទៅកាន់សភាជាតិ ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានលើកឡើងដូច្នេះថា «ឧប្បត្តិហេតុដែលបានកើតឡើងបានបង្ក ការព្រួយបារម្ភដល់ប្រជាជនក្នុងតំបន់...ហើយយើងបានស្នើសុំឱ្យភាគីអាមេរិកដឹកនាំការហោះហើររ​បស់យន្ដហោះ Ospreys ដែលត្រូវបាន ដាក់ពង្រាយក្នុងប្រទេសជប៉ុន បន្ទាប់ពីការហោះហើរទាំងនេះត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព»

ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតមកពីក្រសួងការពារជាតិជប៉ុន បាននិយាយនៅក្នុងសភាដែរថាកងកម្លាំងស្វ័យការពារជប៉ុនដែលកំពុងធ្វើប្រតិបត្តិការ យន្ដហោះ Ospreys ដែរនោះ នឹងបញ្ឈរជើងការហោះហើររបស់យន្ដហោះយោធាប្រភេទនេះ រហូតទាល់តែមូលហេតុធ្លាក់ត្រូវបានបញ្ជាក់។

គួរបញ្ជាក់ថា ឆ្មាំសមុទ្រជប៉ុនកាលពីថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថាយន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្សចំនួន ៨នាក់ បានធ្លាក់នៅក្បែរឆ្នេរនៃប្រទេសជប៉ុន។ ហេតុការណ៍ខាងលើនេះកើតឡើង បន្ទាប់ពីយន្តហោះយោធា Osprey ១គ្រឿងទៀត បានធ្លាក់នៅ ភាគខាងជើងអូស្រ្តាលី កាលពីខែសីហាកន្លងទៅ និងបានផ្តាច់ជីវិតកងម៉ារីនអាមេរិក៣នាក់ ក្នុងចំណោម២៣នាក់ ដែលជិះនៅលើនោះ អំលុងការធ្វើសមយុទ្ធ៕

រូបភាពពី Reuters