(វ៉ាស៊ីនតោន)៖ បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួក​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​ និង​អាស៊ី​កណ្ដាល ហៅកាត់ថា CENTCOM បានឱ្យដឹងថា នាវាចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងកាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលបាញ់ចេញពី ផ្នែកមួយនៃប្រទេសយេម៉ែន គ្រប់គ្រងដោយក្រុមហ៊ូទីមានអ៉ីរ៉ង់ជាខ្នងបង្អែក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍មួយ CENTCOM បានបញ្ជាក់ថា «នៅម៉ោងប្រហែល ១១៖០០នាទីព្រឹក (ម៉ោងនៅរដ្ឋធានីសាណា) និងអំឡុង ស្ថិតនៅភាគខាងត្បូងនៃសមុទ្រក្រហម នាវាពិឃាតប្រដាប់ដោយមីស៊ីល USS Carney បានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងផលិត ដោយអ៉ីរ៉ង់ម៉ាក KAS04 ដែលបាញ់ចេញពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន»។ CENTCOM បន្ថែមថាបើទោះជាមិនដឹងពី ចេតនាពិតប្រាកដក៏ពិតមែន តែយន្ដហោះដ្រូននេះបានហោះតម្រង់ទៅរកនាវាចម្បាំងអាមេរិក ដែលកំពុងអមដំណើរនាវាដឹកប្រេងមួយគ្រឿង របស់កងទ័ពជើងទឹកអាមេរិក និងកប៉ាល់មួយគ្រឿងដោតទង់ជាតិអាមេរិកដឹកបរិក្ខារយោធា។ ក្នុងហេតុការណ៍នេះដែរមិនមាននរណាម្នាក់ រងរបួសនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំនៃប្រទេសយេម៉ែន និងជាផ្នែកមួយនៃបក្សសម្ព័ន្ធចលនាតស៊ូ (axis of resistance) ដឹកនាំដោយអ៉ីរ៉ង់ប្រឆាំងនឹងអ៉ីស្រាអែល បានបាញ់យន្ដហោះដ្រូន និងមីស៊ីលជាច្រើនលើករួចមកហើយ ចាប់តាំងពីសង្រ្គាម រវាងអ៉ីស្រាអែល និងហាម៉ាសផ្ទុះឡើងកាលពីខែតុលាមក៕

រូបភាពពី AFP