(គៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះ កំលុងពេលចូលរួមកិច្ចប្រជុំរបស់អង្គការណាតូនៅទីក្រុងព្រុចសែលថា រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានប្រគល់គ្រាប់ផ្លោងប្រហែល ៣០០,០០០ គ្រាប់ ក្នុងចំណោម ១ លានគ្រាប់ ដែលខ្លួនបានសន្យាដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ នៅខាងក្រៅព្រឹត្តិការណ៍នេះ លោក Kuleba បានអំពាវនាវឱ្យឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន និងអង្គការណាតូ បង្កើនការសម្របសម្រួល ដើម្បីធានាថាទីក្រុងគៀវ មានការផ្គត់ផ្គង់ដែលខ្លួនត្រូវការ ដើម្បីកម្ចាត់រុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។

លោក Kuleba បាននិយាយយ៉ាងដូច្នេះថា «យើងត្រូវបង្កើតតំបន់ Euro-Atlantic រួមសម្រាប់ឧស្សាហកម្មការពារជាតិ» ដោយអះអាងថា ការធ្វើបែបនេះ វានឹងធានាដល់សន្តិសុខរបស់អ៊ុយក្រែន និងសន្តិសុខនៃប្រទេសណាតូខ្លួនឯងផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុងគៀវបានចូលរួមក្នុងយុទ្ធនាការសម្របសម្រួលមួយ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតអាវុធសកលលោកធំៗ ឱ្យចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃការប៉ុនប៉ង ដើម្បីធ្វើពិពិធកម្មការពឹងផ្អែករបស់ខ្លួនលើអាវុធ និងគ្រាប់រំសេវដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តរបស់ខ្លួន៕