(ស្តុកខុល)៖ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសស៊ុយអែត បាននិយាយថា សមភាគីតួកគីរបស់លោក បានសន្យាជាមួយលោកថា ទីក្រុងអង់ការ៉ា នឹងផ្តល់សច្ចាប័នចំពោះ សមាជិកភាពអង្គការណាតូ (NATO) របស់ទីក្រុងស្តុកខុល «ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក Tobias Billstrom បានលើកឡើងក្នុងកិច្ចប្រជុំ NATO មួយ នៅទីក្រុងព្រុចសែលយ៉ាងដូច្នេះថា «ខ្ញុំបានជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan ហើយនាពេលនោះ លោក Fidan បានប្រាប់ខ្ញុំថា រូបលោករំពឹងថា ការផ្តល់សច្ចាប័ននឹងធ្វើឡើង ក្នុងពេលប៉ុន្មានសប្តាហ៍ ខាងមុខនេះ»។ តួកគីនិងហុងគ្រី គឺជាសមាជិក NATO ចុងក្រោយគេ ដែលមិនទាន់ផ្តល់សច្ចាប័ន ចំពោះសំណើសុំចូល NATO របស់ស៊ុយអែត ពោលគឺជាង១៨ខែមកហើយ ក្រោយការដាក់ពាក្យសុំ។

ក្នុងខែវិច្ឆិកានេះ សភាតួកគីបានចាប់ផ្តើមការជជែកដេញដោលតស៊ូមតិ ជុំវិញសំណើសមាជិកភាពស៊ុយអែត បន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចាប់ផ្តើមនីតិវិធីធ្វើយ៉ាងដូច្នោះ ក្រោយសម្រេចបានកិច្ចព្រមព្រៀងគ្នាមួយ នៅកិច្ចប្រជុំកំពូល NATO កាលពីខែកក្កដា ឆ្នាំនេះ។ យ៉ាងណាមិញ ដំណើរការនោះ កំពុងជាប់គាំង នៅកម្រិតគណៈកម្មាធិការក្នុងសភាតួកគី។

គួរបញ្ជាក់ថា ស៊ុយអែតនិងហ្វាំងឡង់ បានសម្រេចបោះបង់ គោលការណ៍មិនចូលបក្សសម្ព័ន្ធយោធារាប់ទសវត្សរ៍របស់ខ្លួន ហើយរួមគ្នាដាក់​ពាក្យស្នើសុំចូលជាសមាជិកអង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០២២ ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយការចាប់ផ្តើមសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ ប៉ុន្តែ ផ្ទុយពីស៊ុយអែត ហ្វាំងឡង់បានក្លាយជាសមាជិក NATO ទី៣១ ជាផ្លូវការ កាលពីខែមេសា ឆ្នាំនេះ៕

 
រូបភាពពី AFP