(ប៉េកាំង)៖ បន្ទាប់ពីបានខកខានអស់រយៈពេលជាង ៤ ឆ្នាំ រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបានជួបសន្ទនាម្តងទៀត ។ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ១០ ដែលបើកធ្វើនៅក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង ប្រទេសទាំងបីបានឈានដល់គំនិតឯកភាពរួមមួយចំនួន ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្រីភាគី ហើយបានផ្លាស់ប្តូរមតិយោបល់ជុំវិញបញ្ហាអន្តរជាតិ និងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។ មតិអន្តរជាតិសម្គាល់ឃើញជាទូទៅថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបីលើកនេះ បានបង្កលក្ខណសម្បត្តិនិងបរិយាកាស សម្រាប់ការបើកធ្វើកិច្ចប្រជុំកំពូលរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងក្នុងដំណាក់កាលបន្ទាប់។

ទំនាក់ទំនងរវាងប្រទេសទាំងបី ចិន ជប៉ុននិងកូរ៉េខាងត្បូង គឺពឹងផ្អែកគ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ចំនួនប្រជាជនសរុបនិងទំហំសរុប នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសទាំងបីប្រហែលត្រូវជា ៧០ ភាគរយនិង ៩០ ភាគរយនៃតំបន់អាស៊ីបូព៌ាដោយឡែកពីគ្នា ប្រទេសទាំងបីគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ទៅវិញទៅមក ដែលមានលក្ខណៈបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ច និងកម្រិតស៊ីសង្វាក់គ្នានៃឧស្សាហកម្មយ៉ាងខ្លាំងក្លា ដោយឡែកប្រទេសទាំងបីសុទ្ធតែគាំទ្រ យ៉ាងមុតមាំនូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ដែលជាកម្លាំងដ៏រឹងមាំនៃសេដ្ឋកិច្ចអាស៊ីបូព៌ា និងជាកម្លាំងជំរុញដ៏សំខាន់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងបាននាំមក នូវឱកាសពាណិជ្ជកម្មនិងផលប្រយោជន៍ជាក់ស្តែងដ៏ធំធេងដល់ មជ្ឈដ្ឋានពាណិជ្ជកម្មនិងប្រជាជននៃប្រទេសរៀងខ្លួន ហើយក៏បានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្តដល់សេដ្ឋកិច្ចសកលផងដែរ។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងលើកនេះ ប្រទេសចិនបានផ្តោតទៅលើអនាគត ដែលបានលើកឡើងនូវគំនិតផ្តួចផ្តើម ៥ ចំណុច ជុំវិញការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី គំនិតផ្តួចផ្តើមទាំងនេះពាក់ព័ន្ធនឹងគ្រប់វិស័យ ដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌មនុស្សជាតិ សង្គមនិងការអភិវឌ្ឍជានិរន្តរភាពជាដើម ដែលជាវិស័យដែលចិន ជប៉ុននិងកូរ៉េខាងត្បូងសុទ្ធតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយមានចន្លោះសហប្រតិបត្តិការយ៉ាងធំទូលាយ ដែលទទួលបានការឆ្លើយតបវិជ្ជមានពីប្រទេសទាំងពីរ ជប៉ុននិងកូរ៉េខាងត្បូង។

និន្នាការសហប្រតិបត្តិការនៃចិន ជប៉ុននិងកូរ៉េខាងត្បូង គឺបានមកដោយមិនងាយទេដែលគួរតែថែរក្សាឱ្យបានល្អ ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងពន្លឿនការជំរុញអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក" ដើម្បីឡោមព័ទ្ធ និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ទិសដៅនៃគោលនយោបាយចំពោះប្រទេសចិន របស់ជប៉ុននិងកូរ៉េខាងត្បូង។ ទាក់ទងនឹងរឿងនេះ ក្នុងស្រុកជប៉ុននិងកូរ៉េខាងត្បូងសុទ្ធតែមានសំឡេង ប្រកបដោយវិចារណញ្ញាណមួយចំនួន ដោយអំពាវនាវថា ប្រសិនបើអាជ្ញាធរនៃប្រទេសទាំងពីរធ្វើតាមគោលនយោបាយ របស់សហរដ្ឋអាមេរិកតាមតែទំនើងចិត្ត និងបោះបង់ចោលគោលនយោបាយប្រកបដោយ វិចារណញ្ញាណនិងភាពប្រាកដប្រជា ចំពោះប្រទេសចិន នោះ ទីបំផុតពួកគេនឹងបំផ្លិចបំផ្លាញដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏នឹងបង្កប់គ្រោះថ្នាក់លាក់កំបាំងដ៏ធ្ងន់ធ្ងរ សម្រាប់សន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ីបូព៌ា។

ប្រទេសទាំងបី ចិន ជប៉ុននិងកូរ៉េខាងត្បូងមានការខ្វែងគំនិតគ្នា វាជារឿងធម្មតាណាស់ ប៉ុន្តែ អ្វីដែលមានសារសំខាន់គឺ គួររក្សាការយល់ដឹងដ៏ត្រឹមត្រូវចំពោះគ្នាទៅវិញទៅមក និងកុំឱ្យការខ្វែងគំនិតគ្នារារាំងដល់ស្ថានការណ៍ទូទៅ នៃកិច្ចសហប្រតិបត្តិការ ។ ប្រទេសចិនបាននិងកំពុងគោរពប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដែលបានអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសនានាលើពិភពលោក ប៉ុន្តែទំនាក់ទំនងណាមួយសុទ្ធតែមិនអាចត្រូវប្រើប្រាស់ ក្នុងការឡោមព័ទ្ធរហូតដល់ទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសជិតខាងនោះទេ ។ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងលើកនេះ ប្រទេសចិនបានលើកឡើងនូវបញ្ហាជាគោលការណ៍មួយចំនួន ដែលបូករួមទាំងគោរពផ្លូវអភិវឌ្ឍន៍ និងផលប្រយោជន៍ជាស្នូលរៀងៗខ្លួន ដោះស្រាយបញ្ហារសើបឱ្យបានសមរម្យ ប្រឆាំងនឹងការកំណត់ខ្សែបន្ទាត់តាមមនោគមវិជ្ជា ធ្វើពហិការចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាក្រុម គួរតែដើរតួនាទីជា "ម៉ាស៊ីនលំនឹង" សម្រាប់គាំពារសន្តិភាពនិងសន្តិសុខក្នុងតំបន់ ក៏ដូចជាប្រកាន់ខ្ជាប់ការដោះស្រាយការខ្វែងគំនិតគ្នា និងវិវាទដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាគ្នា។

ចិនរំពឹងថា ប្រទេសទាំងពីរជប៉ុននិងកូរ៉េខាងត្បូងអាចចាត់ប្រតិបតិ្តការជាក់ស្តែង ដើម្បីតាំងមូលដ្ឋានគ្រឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវឡើងវិញ។ ជានិច្ចកាល ប្រទេសចិនតែងតែរាប់អានជាមួយប្រទេសជិតខាង និងចាត់ទុកប្រទេសជិតខាងជាដៃគូ សង្ឃឹមថា ប្រទេសជប៉ុននិងកូរ៉េខាងត្បូងនឹងបង្ហាញពីឆន្ទៈនិងការប្តេជ្ញាចិត្តដូចគ្នា បង្ហាញពីភាពម្ចាស់ការខាងយុទ្ធសាស្ត្រកាន់តែច្រើន ហើយដើរឆ្ពោះទៅរកទិសដៅដូចគ្នាជាមួយភាគីចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ចាប់ដំណើរការឡើងវិញដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន