(ប៉េកាំង)៖ ក្នុងនាមជាសារមន្ទីរដ៏ល្បីឈ្មោះលើពិភពលោក សារមន្ទីរអង់គ្លេសបើមើលពីសំបកក្រៅ គឺមានសមុច្ច័យជាច្រើន តែតាមពិតទៅ គឺត្រូវគេហៅថា ជា“និមិត្តរូបនៃការលួចជាទូទៅ”។ ក្នុងចំណោមសមុច្ច័យចំនួនជាង៨លានក្នុងសារមន្ទីរ ភាគច្រើនគឺបានមកពី ប្រទេសដទៃទៀត។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសជាច្រើនបានទាមទារឱ្យយកមកវិញ នូវវត្ថុបុរាណដែលត្រូវអង់គ្លេសឆក់យក ជាបន្តបន្ទាប់ ។ ពេលថ្មីៗកន្លងទៅនេះ លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិកក៏ធ្វើអ៊ីចឹងដែរ។

ចាប់ពីថ្ងៃទី២៦ ខែវិចិ្ឆកាតាមម៉ោង ក្នុងតំបន់ឡើងទៅ លោក Kyriakos Mitsotakis បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅអង់គ្លេស ។ ពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយប្រព័ន្ធសារព័ត៌មាន BBC លោកបានថ្លែងថា ក្រិកទាមទារឱ្យសារមន្ទីរអង់គ្លេសសង រូបចម្លាក់ថ្មម៉ាបនៃប្រាសាទ Parthenon ឱ្យក្រិកវិញ។ លោកបានលើកឡើងថា កម្មសិទ្ធិនៃវត្ថុបុរាណទាំងនេះគឺគ្មានអ្វីគួរឱ្យប្រកែកបានទេ ពួកវាគឺជារបស់ប្រទេសក្រិក ដែលត្រូវគេលួចយកទៅ។

ប្រទេសដែលកើតមានរឿងដូចនេះ គឺមិនត្រឹមតែក្រិកប៉ុណ្ណោះទេ។ តាមស្ថិតិមិនគ្រប់គ្រាន់នៃអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិបានឱ្យដឹងថា វត្ថុបុរាណរបស់ចិនដែលបាត់បង់ នៅបរទេសយ៉ាងហោចណាស់មាន ចំនួន១លាន៦សែន៤ម៉ឺន រីឯសារមន្ទីរអង់គ្លេសគឺជាសារមន្ទីរ ដែលរក្សាទុកវត្ថុបុរាណចិន ដែលបាត់បង់ច្រើនបំផុតមួយ។ ពីគ្រឿងសំរឹទ្ធនៃរជ្ជកាល Shang និងរជ្ជកាល Zhou ដល់ព័រសឺឡែន នៃរជ្ជកាល Tang និងរជ្ជកាល Song រហូតដល់គ្រឿងធ្វើពីមាសនិងថ្មយក់នៃរជ្ជកាល Ming និងរជ្ជកាល Qing សមុច្ច័យជាវត្ថុបុរាណរបស់ចិននៅទីនេះសឹងតែបូករួមទាំងប្រភេទសិល្បៈទាំងអស់ ក៏ដូចជាសឹងតែឆ្លងកាត់ ប្រវត្តិសាស្ត្រចិនទាំងមូល។ ជាការធម្មតា ស្លាកនៃវត្ថុបុរាណទាំងនេះបានសរសេប្រភព “ស្របច្បាប់” ប៉ុន្តែតាមការពិត ប្រភពគឺមកពីសង្គ្រាម ការលួចនិងទិញនៅទីផ្សារងងឹត ហើយភាគីច្រើនបានកើតនៅរយៈពេលជាង១រយឆ្នាំ គិតពីសង្គ្រាមអាភៀន ដល់មុនពេលបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ដើម្បីទាមទារឱ្យយកមកវិញនូវវត្ថុបុរាណដែលត្រូវឆក់យក ប្រទេសជាច្រើនដែលរួមមានទាំងប្រទេសចិន បានធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ប៉ុន្តែអង់គ្លេសបដិសេធមិនព្រមសងឱ្យវិញក្រោមលេស “ការពារសន្តិសុខនៃវត្ថុបុរាណ”ជាប់រហូតមក ។ លោក Dan Hicks ប្រធានសារមន្ទីរ Pitt Rivers នៃសកលវិទ្យាល័យ Oxford បានលើកឡើងថា គិតមកទល់បច្ចុប្បន្ននេះ សារមន្ទីរអង់គ្លេសនៅតែមាន “មនោសញ្ចេតនានឹករលឹកចក្រពត្តិ កាលពីអតីតកាល”ដដែល ដោយសម្គាល់ថា ខ្លួន “មានបុព្វសិទ្ធិពិសេសម្យ៉ាង ដែលអាចទន្ទ្រានកាន់កាប់វត្ថុបុរាណ ដោយមិនបាច់បកស្រាយអ្វីទេ។” នៅខែសីហាឆ្នាំនេះ សារមន្ទីរអង់គ្លេសត្រូវបែកធ្លាយឱ្យដឹងថា វត្ថុបុរាណដ៏ល្អប្រណិតប្រហែល២ពាន់បានបាត់ខ្លួនហើយ មានមួយចំនួនសឹងតែត្រូវគេលក់ តាមបណ្តាញអ៊ីនធើណេត។ រឿងនេះនាំឱ្យសារមន្ទីរអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិកេរ្តិ៍ឈ្មោះ ដែលសមត្ថភាព “ការពារសន្តិសុខវត្ថុបុរាណ”របស់វារងការមន្ទិលសង្ស័យយ៉ាងខ្លាំង។ ដូច្នេះ ប្រទេសជាច្រើនដែលបូករួមទាំងប្រទេសចិនផងដែរ បានអំពាវនាវម្តងទៀតឱ្យភាគីអង់គ្លេសសងវត្ថុបុរាណវិញ។

វត្ថុបុរាណជាការបន្តវេននិងការផ្ទុកនូវវប្បធម៌ប្រទេសនិងជនជាតិមួយ ដែលបានបង្ហាញពីមនោសញ្ចេតនាប្រវត្តិសាស្ត្រនិងចំណាំវប្បធម៌ ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសជាច្រើនមិនដែលបញ្ឈប់ការទាមទារឱ្យយកមកវិញ នូវវត្ថុបុរាណដែលត្រូវគេឆក់យកទាំងនោះ ចំពោះសារមន្ទីរអង់គ្លេសនិងរដ្ឋាភិបាលអង់គ្លេស ក្នុងគោលបំណងការពារសរសៃឈាមវប្បធម៌របស់រដ្ឋនិងជនជាតិ និងជម្រះបញ្ជីចំពោះសំណល់នៃអាណានិគមនិយម តាមការពិត នេះក៏ជាចំណែកមួយនៃចលនាប្រឆាំងអាណានិគមនិយមអន្តរជាតិផងដែរ ។ សម័យអាណានិគមនិយមបានកន្លងផុតទៅហើយ។ ភាគីអង់គ្លេសគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះសំណូមពរនិងតម្រូវការស្របច្បាប់ របស់ប្រទេសជាច្រើន ដើម្បីសងវត្ថុបុរាណដែលខ្លួនបានឆក់យកទៅវិញក្នុងពេលឆាប់ៗ ។ វត្ថុបុរាណដ៏ល្អប្រណិតរបស់ប្រទេសនានា នៅក្នុងសារមន្ទីរអង់គ្លេសគួរតែធ្វើមាតុភូមិនិវត្តន៍ទៅហើយ ។ ប្រវត្តិសាស្ត្រអាណានិគមនិយមដ៏ខ្មៅងងឹតរបស់អង់គ្លេស ក៏កាន់តែត្រូវក្លាយជាប្រវត្តិសាស្ត្រទាំងស្រុងជាដាច់ខាត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន