(ប៉េកាំង)៖ គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះ បានអូសបន្លាយអស់រយៈពេលជាងមួយខែហើយ ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ក៏ដូចជាបណ្តាលឱ្យបង្កជាគ្រោះមហន្តរាយខាងមនុស្សធម៌។ ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង នូវ“កិច្ចការជាបន្ទាន់” ចំនួន៣ ដោយអំពាវនាវឱ្យបណ្តាភាគី នៃការប៉ះទង្គិចឈប់បាញ់គ្នា ធានាឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយសង្គ្រោះមនុស្សធម៌ មានសុវត្ថិភាពនិងភាពរលូន បង្ការកុំឱ្យការប៉ះទង្គិចរីករាលដាល ហើយគូសបញ្ជាក់ថា ផ្លូវចេញជាមូលដ្ឋានសម្រាប់ដំណោះស្រាយ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺត្រូវអនុវត្ត“ផែនការប្រទេសពីរ”។

ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីនានា នៅថ្ងៃទី២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអ៊ីស្រាអែលនិងអង្គការហាម៉ាស់ បានប្រកាសដោយឡែកពីគ្នាថា បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេល៤ថ្ងៃ។ នេះគឺជាបទឈប់បាញ់គ្នាលើកដំបូង ចាប់តាំងពីការប៉ះទង្គិចជុំនេះបានផ្ទុះឡើងមក។

មុនពេលដែលបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា គណៈប្រតិភូចម្រុះនៃរដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអារ៉ាប់និងអ៊ីស្លាមបានបំពេញទស្សនកិច្ចនៅប្រទេសចិន។ នេះក៏ជាគោលដៅទីមួយនៃដំណើរទស្សនកិច្ចរបស់បណ្តាប្រទេសអារ៉ាប់ និងអ៊ីស្លាមដែលធ្វើឡើងដើម្បីស្វែងរកការសម្របសម្រួលអន្តរជាតិ អំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបន្ទាប់ពីប្រទេសទាំងនេះ បានឈានដល់គោលជំហរឯកភាពលើការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនិងស្ថានការណ៍នៅតំបន់ហ្កាហ្សា ។ វាបានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តកម្រិតខ្ពស់ចំពោះប្រទេសចិន និងការទទួលស្គាល់កម្រិតខ្ពស់ចំពោះប្រទេសចិន ដែលប្រកាន់ខ្ជាប់នូវគោលជំហរយុត្តិធម៌។
ហេតុអ្វីបានជាគណៈប្រតិភូនេះបានជ្រើសរើសប្រទេសចិនជាគោលដៅដំបូងក្នុងការស្វែងរកការសម្របសម្រួលអន្តរជាតិអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល? គឺដោយសារជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃយុត្តិធម៌អន្តរជាតិ។ ជាពិសេស លើបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ប្រទេសចិនមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេ ហើយក៏មិនលំអៀងទៅរកភាគីណាមួយដែរ ចិនរំពឹងទុកដោយស្មោះស្ម័គ្រថា ប៉ាឡេស្ទីននិងអ៊ីស្រាអែលនឹងឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម ក៏ដូចជារួមរស់នៅជាមួយគ្នាដោយ សនិ្តសហវិជ្ជមាន ហើតបានផ្តល់នូវផែនការប្រកបដោយប្រសិទ្ធិភាព សម្រាប់ដោះស្រាយយ៉ាងពិតប្រាកដនូវការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។

ជាការពិត ក្នុងច្រើនឆ្នាំកន្លងទៅនេះ អាមេរិកបានដឹកនាំកិច្ចការតំបន់មជ្ឈិមបូព៌ាជាប់រហូតមក។ ប៉ុន្តែ ចាប់តាំងពីការប៉ះទង្គិចជុំនេះ បានផ្ទុះឡើងមក អាមេរិកមិនបានធ្វើការសម្របសម្រួលប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបណ្តែតបណ្ដោយនិងអត់ឱនឱ្យអ៊ីស្រាអែលទៅទៀត ។ ក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលលើកឡើងដោយប្រេស៊ីល និងរុស្ស៊ីជាដើម ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់គ្នាមនុស្សធម៌ អាមេរិកសុទ្ធតែបានបោះឆ្នោតប្រឆាំង។ សូម្បីតែលោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិក៏បានថ្លែងថា "គោលជំហរបោះឆ្នោតរបស់ពួកគេធ្វើឱ្យយើងចោទជា មន្ទិលសង្ស័យដោយខានពុំបានថា ពួកគេមិនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខចាត់ វិធានការណាមួយសោះ ហើយក៏មិនរំពឹងទុកដោះស្រាយបញ្ហានេះដោយពិតប្រាកដដែរ"។

ក្រឡេកមកមើលប្រទេសចិនវិញ ចាប់តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានផ្ទុះឡើងមក លោក Xi Jinpingប្រធានរដ្ឋចិនបានផ្លាស់ប្តូរមតិយោបល់ជាមួយមេដឹកនាំបរទេសជាច្រើនរូប អំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយរដ្ឋមន្ត្រីការបរទេសចិន បានធ្វើការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅ ជាមួយរដ្ឋមន្ត្រីការបរទេសនិងអ្នកទទួលខុសត្រុវរបស់ប្រទេស និងអង្គការអន្តរជាតិជាច្រើន។ ជាពិសេសគឺ បន្ទាប់ពីប្រទេសចិនបានចូលកាន់មុខតំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១ខែវិច្ឆិកាមក ប្រទេសចិនបានជំរុញយ៉ាងសកម្មឱ្យក្រុមប្រឹក្សាសន្តិសុខ អនុម័តសេចក្តីសម្រេចចិត្តលេខ ២៧១២ ស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល។

នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធចាប់តាំងពី ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ជុំថ្មីផ្ទុះឡើងមក ហើយក៏ជាសេចក្តីសម្រេចចិត្តស្តីពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែលទីមួយដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខ ក្នុងរយៈពេល៧ឆ្នាំផងដែរ។ កិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមដែលប្រទេសចិន បានធ្វើឡើងដើម្បីដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលបានធ្វើឱ្យបណ្តាប្រទេសអារ៉ាប់និងអ៊ីស្លាម ក៏ដូចជាពិភពលោកសុទ្ធតែបានមើលឃើញកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ប្រទេសធំ ក៏ដូចជាបានបញ្ជាក់ជាថ្មីម្តងទៀតថា ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ។

តាមដំណឹងថ្មីៗបំផុតផ្សាយឱ្យដឹងថា យប់ថ្ងៃទី២៥ ខែវិច្ឆិកា អង្គការហាម៉ាសបានដោះលែងជនជាតិអ៊ីស្រាអែល ១៣ នាក់និងជនជាតិថៃ ៤ នាក់ដែលត្រូវជាប់ឃុំ។ នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែវិច្ឆិកា អ៊ីស្រាអែលក៏បានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ៣៩ នាក់ផងដែរ។ ការទាំងនេះសុទ្ធតែបានបង្ហាញឱ្យឃើញថា ស្ថានការណ៍កំពុងមានភាពប្រសើរឡើង ប៉ុន្តែមុនពេលបទឈប់បាញ់គ្នារយៈពេលយូរ ត្រូវបានសម្រេចដោយពិតប្រាកដ ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែល នៅមិនទាន់មានសុទិដ្ឋិនិយមនៅឡើយទេ បណ្តាភាគីនានាលើផ្ទៃអន្តរជាតិ ដែលបូករួមទាំងភាគីអាមេរិកផងដែរ នៅតែគួរប្រកាន់គោលជំហរយុត្តិធម៌ចំពោះ ដំណោះស្រាយបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលទៀតផង៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន