(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា (ម៉ោងក្នុងតំបន់) នាវាចម្បាំងនៃកងទ័ពជើងទឹកប្រចាំសមុទ្រខ្មៅ បានបើកការវាយប្រហារដោយមីស៉ីលគ្រូសចំនួន ៤គ្រាប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ីបញ្ជាក់តាមរយៈបណ្តាញតេឡេក្រាមថា «នាវិកនៃនាវាចម្បាំងរបស់កងទ័ពជើងទឹកសមុទ្រខ្មៅ បានទទួលបញ្ជាឲ្យបើកការវាយប្រហារដោយប្រើមីស៉ីលគ្រូស Kalibr ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់សត្រូវ (អ៊ុយក្រែន)។ ជាលទ្ធផល គឺត្រូវចំគោលដៅដែលបានកំណត់»។ ភ្លាមៗមិនទាន់មានការអត្ថាធិប្បាយពីអ៊ុយក្រែននោះទេ។ រីឯ Reuters ក៏មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានដោយឯករាជ្យបានដែរ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃអង្គារ កងទ័ពជើងទឹកអ៊ុយក្រែននិយាយថា រុស្ស៉ីបានសំចតនាវាមុជទឹក ២គ្រឿងដោយបំពាក់មីស៉ីល Kalibr រហូតដល់ ៨គ្រាប់ នៅក្នុងសមុទ្រខ្មៅដែលជាការគំរាមកំហែងកម្រិតខ្ពស់មួយ៕

រូបភាពពី Reuters