(អង់ការ៉ា)៖ សេចក្តីសម្រេចមួយលើគេហទំព័រផ្លួវការ បានប្រកាសនៅថ្ងៃពុធនេះថា តួកគីបានបង្កទ្រព្យសម្បត្តិក្នុងស្រុករបស់អង្គការចំនួន ២០ និងបុគ្គលចំនួន៦២នាក់ ដែលមានមូលដ្ឋាននៅប្រទេសនានាក្នុងតំបន់អឺរ៉ុប និងអូស្ត្រាលី ក៏ដូចជាជប៉ុនផងដែរ ដោយចោទប្រកាន់ពី ការមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធឃើដ (PKK)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុតួកគី បានឲ្យដឹងថា ការសម្រេចចិត្តនេះគឺ «ផ្អែកលើហេតុផលសមស្រប​​ ដែលមានស្រាប់» ដែលថា ពួកគេបានប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ដែលមានចែងក្នុងច្បាប់ស្តីពីការការពារការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ ក្នុងចំណោមអង្គការទាំងនោះ មាន ៣អង្គការ មកពីអាល្លឺម៉ង់ និងស្វីស ជាទីដែលមានជនភៀសខ្លួនឃើដដ៏ធំមួយ។ ក្រៅពីនោះក៏មានអង្គការចំនួន ២មកពីអូស្ត្រាលី ជប៉ុន និង អ៉ីតាលី ផងដែរ។ អង្គការដែលរងផលប៉ះពាល់ផ្សេងទៀត មាននៅអូទ្រីស បែលហ្សិក ចក្រភពអង់គ្លេស ដាណឺម៉ាក បារាំង ស៊ុយអែត ន័រវែស អ៉ីរ៉ាក់-ស៉ីរី។

គួរបញ្ជាក់ថា អង្គការមួយមកពីស៊ុយអែតគឺ Insamlingsstiftelsen Kurdiska Roda Solen ដែលប្រព័ន្ធផ្សព្វផ្សាយសង្គម ហៅថាជាអង្គការជំនួយមនុស្សធម៌ ក៏ស្ថិតនៅក្នុងបញ្ជីបង្កទ្រព្យសម្បតិ្តរបស់តួកគីដែរ ខណៈដំណើរការសុំចូលជាសមាជិកអង្គការណាតូ ដែលស៊ុយអែតត្រូវការការផ្តល់សច្ចាប័នពីតួកគី ស្ថិតក្នុងការរង់ចាំនៅឡើយ។ កន្លងមក តួកគីបានទាមទារឲ្យស៊ុយអែត ចាត់វិធានការបន្ថែមទៀត ដើម្បីគ្រប់គ្រងសមាជិក PKK នៅក្នុងស្រុក ដែលក្រុមនេះត្រូវបានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកចាត់ទុកថា ជាក្រុមភេរវករ៕

រូបភាពពី Reuters