(មូស្គូ)៖ ក្នុងសម្តីដែលចេញផ្សាយនៅថ្ងៃពុធនេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិករំពឹងថា ខ្លួននឹងអាចបន្តទទួលជ័យជម្នះ ក្នុងការរត់ប្រណាំងសព្វាវុធថ្មី នោះទីក្រុងវ៉ាស៉ីនតោនមុខជាយល់ច្រឡំធំហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Ryabkov ដែលជាអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី ទទួលបន្ទុកលើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក រួមទាំងការមិនរីកសាយនិងការគ្រប់គ្រងសព្វាវុធ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៉ីថា កាលៈទេសៈបច្ចុប្បន្ននេះ គឺមិនអំណោយផលសម្រាប់កិច្ចចរចា ស្តីអំពីការគ្រប់គ្រងសព្វាវុធជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ។ លោក Ryabkov បានលើកឡើងដូច្នេះថា «ប្រសិនបើអាមេរិករំពឹងថាខ្លួន នឹងអាចឈ្នះក្នុងការរត់ប្រណាំងសព្វាវុធថ្មី ពោលគឺសម្រេចបានម្តងទៀតនូវជោគជ័យក្នុងកម្រិតមួយ ស្រដៀងកាលពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតី លោក Ronald Reagan អំលុងសម័យសង្រ្គាមត្រជាក់ នោះអាមេរិកយល់ច្រឡំធំហើយ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរបស់រុស្ស៉ីជាមួយក្រុមប្រទេសលោកខាងលិចភាគច្រើន គឺបានធ្លាក់ចុះដុនដាបដល់កម្រិតដ៏ទាបបំផុតមួយ បន្ទាប់ពីការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវទីក្រុងមូស្គូនិយាយថា ខ្លួនហាក់កំពុងតែធ្វើសង្រ្គាមមួយ ជាមួយក្រុមលោកខាងលិចទាំងមូល នៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានព្រមានប្រាប់លោកខាងលិចថា រូបលោកមិនបានលេងសើចនោះទេ នៅពេលនិយាយថា លោកអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើបូរណភាពទឹកដីរុស្ស៉ីស្ថិតក្រោមការគំរាមកំហែង ហើយទន្ទឹមគ្នា លោកក៏បានរក្សាទុកនូវលទ្ធភាពរុស្ស៉ីអាចធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរ ឡើងវិញផងដែរ។
ជាចុងក្រោយ លោក Ryabkov បានគូសបញ្ជាក់ជាថ្មីម្តងទៀត នូវគោលជំហររបស់រុស្ស៉ីដែលថា ទីក្រុងមូស្គូមិនមែនកំពុងគំរាមកំហែង បង្កជម្លោះយោធាជាមួយអង្គការ NATO ឡើយ ប៉ុន្តែលោកបានបន្ថែមថា លទ្ធភាពនៃការកើនឡើងនូវភាពតានតឹង គឺអាស្រ័យតែទៅលើសកម្មភាព របស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕
រូបភាពពី Reuters