(ហាណូយ)៖ ប្រភពពីខាងប្រទេសវៀតណាម បានបង្ហើបឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពមួយក្នុងចំណោមនោះ បាននិយាយយ៉ាងដូច្នេះថា «លោក វ៉ាង ត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំអន្តររដ្ឋាភិបាលវៀតណាម-ចិន នៅរដ្ឋធានីហាណូយ នាថ្ងៃសុក្រសប្តាហ៍នេះ»។ ភ្លាមៗបែបនេះ ខាងក្រសួងការបរទេសវៀតណាមនិងចិន មិនទាន់បានឆ្លើយតបចំពោះសំណើសុំផ្តល់ការអត្ថាធិប្បាយ នៅឡើយទេ។
ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាម និងជាប្រភពនាំចូលដ៏សំខាន់មួយ សម្រាប់វិស័យកម្មន្តសាលរបស់វៀតណាម។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អំលុងទស្សនកិច្ចមកកាន់ប្រទេសវៀតណាម រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao បានសន្យាបើកចំហទីផ្សារចិនបន្ថែមទៀត ចំពោះផលិតផលកសិកម្មវៀតណាម ស្របពេលដែលប្រទេសទាំងពីរ ស្វែងរកការធ្វើឱ្យចំណងពាណិជ្ជកម្មកាន់តែស៉ីជម្រៅ។
គួរបញ្ជាក់ថា កាលពីខែតុលា ទីភ្នាក់ងារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ផងដែរថា ក្រុមមន្រ្តីវៀតណាមនិងចិន កំពុងរៀបចំឱ្យមានដំណើរទស្សនកិច្ចមួយ ដោយប្រធានាធិបតីចិន លោក ស៉ី ជីនពីង មកកាន់ទីក្រុងហាណូយ។ ពេលនោះ ផែនការគឺចង់ឱ្យទស្សនកិច្ចរបស់លោក ស៉ី ប្រព្រឹត្តទៅនៅខ្ទង់ចុងខែតុលា ឬក៏ខ្ទង់ដើមខែវិច្ឆិកា។ យ៉ាងណាមិញ ក្រោយមកប្រភពការទូតនៅទីក្រុងហាណូយ បានបង្ហើបឱ្យដឹងវិញថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ទំនងជាត្រូវបានពន្យារពេលដល់ខែធ្នូ៕
រូបភាពពី Reuters