(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ថា អ៉ីស្រាអែលចាំបាច់ត្រូវប្រឈមមុខនឹងការជំនុំជម្រះក្តីនៅតុលាការអន្តរជាតិ សម្រាប់អ្វីដែលលោក​បានហៅថា ជាឧក្រិដ្ឋកម្មសង្រ្គាមដែលអ៉ីស្រាអែលបានប្រព្រឹត្ត នៅដែនដីប៉ាឡេស្ទីន ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការិយាល័យប្រធានាធិបតីតួកគី បានឱ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ដែលគ្រោងធ្វើឡើង នៅថ្ងៃពុធសប្តាហ៍នេះ លោក Erdogan និង​លោក Guterres បានជជែកអំពី «ក្តីរំពឹងរបស់សហគមន៍អន្តរជាតិពាក់ព័ន្ធ ការវាយប្រហារ​មិនស្របច្បាប់របស់អ៉ីស្រាអែល», ការផ្តល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ Gaza និងកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបានសន្តិភាព​យូរអង្វែងមួយ។

សេចក្តីថ្លែងការណ៍ខាងលើបានបន្តដូច្នេះថា «អំលុងកិច្ចសន្ទនានោះ លោកប្រធានាធិបតី Erdogan បានលើកឡើងថា អ៉ីស្រាអែលកំពុង​បន្តជាន់ឈ្លីដោយឥតអៀនខ្មាស លើច្បាប់អន្តរជាតិ ច្បាប់សង្រ្គាម ក៏ដូចជាច្បាប់មនុស្សធម៌ ដោយពុំខ្វល់ពីក្រសែភ្នែកសហគមន៍អន្តរជាតិឡើយ ហើយអ៉ីស្រាអែលត្រូវតែចាប់បង្ខំឱ្យមានការទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត នៅចំពោះមុខច្បាប់អន្តរជាតិ»។ ក្រសួងការបរទេសតួកគី បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសលោក Hakan Fidan នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN នៅទីក្រុង New York។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងប្រតិបត្តិការជើងគោកប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza និងបានផ្តាច់ជីវិតមនុស្សលើស ១៥,០០០នាក់ហើយ គិតមកទល់នឹងពេលនេះ។ សង្រ្គាមរបស់អ៉ីស្រាអែលបានផ្ទុះឡើង បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងរបស់ហាម៉ាស បានសម្រុកចូលលុកលុយអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបានសម្លាប់​មនុស្ស១,២០០នាក់ និងចាប់មនុស្ស២៤០នាក់ផ្សេងទៀត ធ្វើជាចំណាប់ខ្មាំង។

តួកគីបានរិះគន់ខ្លាំងៗចំពោះសង្រ្គាមរបស់អ៉ីស្រាអែលនៅ Gaza និងបានព្យាយាមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបង្កើតឱកាសសម្រាប់កិច្ចពិភាក្សា ជុំវិញដំណោះស្រាយរដ្ឋពីរ សម្រាប់បញ្ហាជម្លោះរាប់ទសវត្សរ៍រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ លោក Erdogan ក៏បានហៅការវាយប្រហាររបស់អ៉ីស្រាអែល លើតំបន់ Gaza ថាជាអំពើប្រល័យពូជសាសន៍ផងដែរ និងចោទអ៉ីស្រាអែលជារដ្ឋភេរវករ។ យ៉ាងណាមិញ អ៉ីស្រាអែលបានច្រានចោលការចោទប្រកាន់នោះ ហើយអះអាងថា សកម្មភាពរបស់ខ្លួន គឺជាការអនុវត្តសិទ្ធិការពារខ្លួន ប្រឆាំងទៅនឹងសត្រូវមួយ ដែលមានបំណងបំផ្លិចបំផ្លាញប្រទេសអ៉ីស្រាអែល៕