(ហែលស៉ិនគី)៖ ហ្វាំងឡង់បានសម្រេចចិត្តថា នឹងបិទព្រំប្រទល់ទាំងស្រុងតែម្តងជាមួយរុស្ស៉ីចំពោះអ្នកដំណើរ សម្រាប់រយៈពេល២សប្តាហ៍ ដើម្បីព្យាយាមបញ្ឈប់លំហូរធំខុសពីធម្មតា នៃជនស្វែងរកសិទ្ធិជ្រកកោនមកកាន់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ខណៈ​បើតាមរដ្ឋាភិបាលហ្វាំងឡង់ផ្ទាល់ ហើយនិងសម្ព័ន្ធមិត្តរបស់ទីក្រុងហែលស៉ិនគី វាគឺជាទង្វើមួយដែលត្រូវបានរៀបចំដោយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីសប្តាហ៍មុន ហ្វាំងឡង់បានបិទច្រកព្រំដែនស្ទើរទាំងអស់ជាមួយរុស្ស៉ីចំពោះអ្នកដំណើរ ដោយទុកឱ្យនៅបើកត្រឹមតែមួយច្រកប៉ុណ្ណោះ គឺច្រកស្ថិតនៅភាគខាងជើងប្រទេសបំផុត ក្នុងតំបន់អាក់ទិច។ ក៏ប៉ុន្តែរដ្ឋាភិបាលហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ថា ច្រកព្រំដែននៅសល់តែមួយគត់នោះ ក៏នឹងត្រូវបិទជាបណ្តោះអាសន្នដែរ។ យោងតាមឆ្មាំព្រំដែនហ្វាំងឡង់ ជនស្វែងរកសិទ្ធិជ្រកកោនចំនួន​ប្រហែល៩០០នាក់ មកពីប្រទេសផ្សេងៗដូចជាកេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី ស៉ីរី និងយេម៉ែន បានធ្វើដំណើរចូលហ្វាំងឡង់តាមរយៈ​ប្រទេសរុស្ស៉ី កាលពីខែវិច្ឆិកា ខណៈមុនពេលនោះ គឺជាធម្មតាមានមិនដល់ម្នាក់ឡើយក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ការសម្រេចចិត្តបិទច្រកព្រំដែនទាំង៨កន្លែងខាងលើចំពោះអ្នកដំណើរ គឺបានន័យថា មានតែរថភ្លើងដឹកទំនិញប៉ុណ្ណោះ ដែល​អាចចេញចូលប្រទេសទាំងពីរបាន នាពេលនេះ។ ទីក្រុងហែលស៉ិនគី បានអះអាងថា ទីក្រុងមូស្គូគឺជា អ្នកដែលកំពុងជំរុញការប្រមូលផ្តុំមនុស្ស​មកកាន់ព្រំប្រទល់ហ្វាំងឡង់ ដើម្បីសងសឹកចំពោះការដែលហ្វាំងឡង់ សម្រេចចិត្តបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាមេរិក។ យ៉ាងណាមិញ រុស្ស៉ីបានច្រានចោលការចោទប្រកាន់នេះ។ កាលពីខែមេសា ឆ្នាំនេះ ហ្វាំងឡង់បានក្លាយជា សមាជិកជាផ្លូវការរបស់អង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈវាគឺជាការបិទបញ្ចប់ការប្រកាន់ជំហរមិនចូលបក្សសម្ព័ន្ធយោធា រាប់ទសវត្សរ៍របស់ប្រទេសអឺរ៉ុបមួយនេះ ដោយសារតែវិបត្តិសង្រ្គាមនៅអ៊ុយក្រែន៕

រូបភាពពី Reuters