(មូស្គូ)៖ ក្រសួងកិច្ចការផ្ទៃក្នុងរបស់រុស្ស៉ី កំពុងរៀបចំសេចក្តីព្រាងច្បាប់ដែលនឹងតម្រូវឲ្យជនបរទេស ដែលចង់ចូលមកក្នុងប្រទេសរុស្ស៉ីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងភក្តីភាព» ដោយកិច្ចព្រមព្រៀងនេះនឹងរារាំងពួកគេពីការធ្វើឲ្យខូចខាតដល់គោលនយោបាយរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

TASS បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះនឹងមានគោលបំណងការពារ «ផលប្រយោជន៍ជាតិ» របស់រុស្ស៉ី។ ជនបរទេសដែលចូលមករុស្ស៉ី នឹងត្រូវបានហាមឃាត់មិនឲ្យជ្រៀតជ្រែកក្នុងសកម្មភាពរបស់អាជ្ញាធរសាធារណៈ ការធ្វើឲ្យខូចកិត្តិយសក្នុងទម្រង់ណាមួយ ចំពោះគោលនយោបាយការបរទេស និងក្នុងស្រុករបស់សហព័ន្ធរុស្ស៉ី ក៏ដូចជាអាជ្ញាធរសាធារណៈ និងមន្ត្រីរបស់ពួកគេ។

រាល់សេចក្តីព្រាងច្បាប់ត្រូវដាក់ជូនសភាជាន់ទាបរបស់រុស្ស៉ី ហើយត្រូវឆ្លងកាត់ការពិនិត្យនិងវាយតម្លៃឡើងវិញរបស់គណៈកម្មាធិការសភា មុនពេលបញ្ជូនទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីចុះហត្ថលេខា។ យ៉ាងនេះក្តី នៅមិនទាន់មានការបញ្ជាក់ពីក្រសួងកិច្ចការផ្ទៃក្នុងរបស់រុស្ស៉ី ជុំវិញសេចក្តីរាយការណ៍នេះទេ។

គួរបញ្ជាក់ថា គិតចាប់តាំងពីបើកការឈ្លានពានលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានដាក់កំហិតមួយចំនួនលើជនបរទេសមកពីប្រទេសដែលខ្លួនហៅថា «អមិត្ត» មានន័យថាប្រទេសទាំងនោះ បានដាក់ទណ្ឌកម្មលើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន៕

រូបភាពពី Reuters