(ហ្សឺណេវ)៖ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សកាន់តែច្រើនអាចស្លាប់ដោយសារតែជំងឺជាជាងការទម្លាក់បែក នៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើប្រព័ន្ធសុខាភិបាលមិនត្រូវបានដោះស្រាយនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី Margaret Harris បានប្រាប់សន្និសីទអង្គការសហប្រជាជាតិ (UN) នៅក្នុងទីក្រុងហ្សឺណេវ យ៉ាងដូច្នេះថា «នៅទីបំផុត យើងនឹងឃើញមានមនុស្សស្លាប់ដោយសារតែជំងឺ ច្រើនជាងអ្វីដែលយើងកំពុងមើលឃើញពីការទម្លាក់គ្រាប់បែក ប្រសិនបើយើងមិនអាចជួសជុលប្រព័ន្ធសុខាភិបាលបាន»។

ដោយដកស្រង់របាយការណ៍របស់ UN ស្តីពីស្ថានភាពរស់នៅរបស់ជនភៀសខ្លួននៅឯភាគខាងជើងតំបន់ហ្គាហ្សា លោកស្រី Harris បាននិយាយថា នៅទីនោះគ្មានថ្នាំព្យាបាល គ្មានសកម្មភាពចាក់វ៉ាក់សាំង គ្មានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ហើយក៏គ្មានអាហារ។ ករណីរាគរូសកើតឡើងក្នុងចំនួនខ្ពស់ណាស់ នៅក្នុងចំណោមទារក។

គួរបញ្ជាក់ថា អ្នកនាំពាក្យរបស់ WHO រូបនេះ បានចាត់ទុកការដួលរលំនៃមន្ទីរពេទ្យ Al Shifa នៅភាគខាងជើង Gaza ជា «សោកនាដកម្ម» ហើយបានបង្ហាញនូវក្តីបារម្ភអំពីការឃុំខ្លួនបុគ្គលិកពេទ្យមួយចំនួន ដោយកងកម្លាំងអ៉ីស្រាអែលអំឡុងពេលមានក្បួនជម្លៀសមនុស្សរបស់ WHO៕

រូបភាពពី Reuters