(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា អាកាសធាតុអាក្រក់ធ្វើឲ្យការវាយលុករបស់រុស្ស៉ីមានភាពយឺតយ៉ាវ នៅឯភាគខាងកើត អ៊ុយក្រែន និងក្នុងការវាយដណ្តើមយកទីក្រុង Avdiivka។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងទ័ពរុស្ស៉ី ដែលគាំទ្រដោយការវាយប្រហារតាមអាកាស បាននិងកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុង Avdiivka ចាប់តាំងពីពាក់កណ្តាលខែតុលាមក ដែលជាផ្នែកមួយនៃការឈានទៅមុខសន្សឹមៗ ដើម្បីឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន។ បន្ទាប់ពីខ្យល់ព្យុះពីរថ្ងៃ និងព្រិលធ្លាក់ខ្លាំងនៅភាគខាងត្បូង រួមជាមួយការព្យាករថានឹងមានភ្លៀងបន្ថែមទៀតនៅភាគខាងកើត បានធ្វើឲ្យដីមានសភាពទ្រុឌទ្រោម និងមិនសាកសមស្របសម្រាប់ ធ្វើប្រតិបត្តិការយោធានោះទេ។

លោក Serhiy Tsekhotskyi មន្ត្រីសាលាក្រុងអ៊ុយក្រែន បានប្រាប់ទូរទស្សន៍រដ្ឋថា «ពួកគេបានចាប់ផ្តើមវាយលុកលើភាគកណ្តាលទីក្រុងនៃតំបន់ Donetsk។ ប៉ុន្តែអាកាសធាតុមិនអំណោយផល ការប៉ុនប៉ងវាយប្រហារអាចធ្វើទៅបានដោយប្រើសម្ភារយោធាប៉ុណ្ណោះ»។ ដោយឡែក អ្នកនាំពាក្យយោធា លោក Volodymyr Fitio បាននិយាយថា «អាកាសធាតុដ៏អាក្រក់បង្ខំរុស្ស៉ីធ្វើការកែប្រែយុទ្ធសាស្រ្តរបស់ខ្លួន។ ពីមុនរុស្ស៉ីបានបាញ់ ផ្លោងពីចម្ងាយមកលើសមរភូមិ តែឥឡូវនេះមានសកម្មភាពតិចជាងមុនដោយសារកត្តាអាកាសធាតុ»

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាជាច្រើននៅក្នុងសប្តាហ៍មុនបានផ្តោតលើតំបន់ឧស្សាហកម្ម នៅខាងក្រៅមជ្ឈមណ្ឌល និងនៅលើរោងចក្រកូកាកូឡាដ៏ធំរបស់ ទីក្រុង Aviivka ដែលត្រូវបានបោះបង់ចោល កាលពីដើមខែវិច្ឆិកានេះ ដោយកងកម្លាំងជួរមុខអ៊ុយក្រែន។ ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា មិនត្រឹមតែ ដើម្បីគ្រប់គ្រងអគារប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងនេះត្រូវបានគេមើលឃើញថាជាច្រកចូលទៅដល់កណ្តាលតំបន់ Donetsk ចម្ងាយ ២០គីឡូម៉ែត្រ ទៅភាគខាងកើត៕

រូបភាពពី AFP